លោក Donald Trump អាចមានបញ្ហា ដោយសារការធ្វើឲ្យព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក ស្ថិតក្នុងហានិភ័យ បន្ទាប់ពីលោកសម្រេចចិត្តបញ្ជាឲ្យបើកការវាយប្រហារ នៅក្នុងប្រទេសអ៊ីរ៉ង់។
បច្ចុប្បន្ន ប្រទេសនេះកំពុងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពានរង្វាន់ FIFA Club World Cup ដែលត្រូវបានពង្រីកចំនួនក្រុមបន្ថែម ខណៈដែលក្រុមប្រទេសខ្លាំងបំផុតមួយចំនួនរបស់ពិភពលោក ទៅប្រកួតប្រជែងគ្នានៅរដូវក្តៅនេះ ដោយតំណាងឲ្យព្រឹត្តិការណ៍ក្រៅផ្លូវការ ដែលជាការសាកល្បង សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ដែលមានរយៈពេលមិនដល់ ១២ខែទៀតទេ ស្របពេលដែលសហរដ្ឋអាមេរិករៀបចំធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ជាមួយកាណាដា និងម៉ិកស៊ិក។

កីឡាករជយលាភីពានរង្វាន់ World Cup នៅក្នុងក្រុមប្រេស៊ីល គឺលោក Gilberto បានអំពាវនាវរួចហើយសុំឲ្យលោកប្រធានាធិបតី Trump និងអាជ្ញាធរ «ដោះស្រាយបញ្ហាទាំងអស់របស់ពួកគេ» នៅមុនការប្រកួតឆ្នាំ២០២៦ ចំពេលមានការព្រួយបារម្ភ អំពីកការមានអំពើហិង្សា ដោយកាំភ្លើង នៅសហរដ្ឋអាមេរិក ហើយបុរសវ័យ ៧៩ឆ្នាំរូបនេះ បានឆ្លើយតបដោយការបង្កើតក្រុមការងារពិសេសមួយ ដើម្បីត្រួតពិនិត្យការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ដែលតែងកើតឡើង ៤ឆ្នាំម្ដងនេះ។
តែការសម្រេចចិត្តរបស់លោក Trump ក្នុងការចូលទៅពាក់ព័ន្ធនឹងសង្គ្រាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ប្រហែលជាបានបង្កបញ្ហាមួយចំនួនរួចហើយ នៅមុនឆ្នាំក្រោយ។ ដោយបានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ត្រូវបានគេរំពឹងថា នឹងឆ្លើយតបក្នុងទ្រង់ទ្រាយមួយចំនួន ហើយសហរដ្ឋអាមេរិកអាចកប់កាន់តែជ្រៅក្នុងជម្លោះនេះ។ បើទោះបីជាពេលនេះលោក Trump បានប្រកាសពីបទឈប់បាញ់ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលក៏ដោយ ក៏ភាពមិនច្បាស់លាស់ នៅតែមានដដែល ជុំវិញថា តើនឹងមានអ្វីកើតឡើងនាពេលបន្ទាប់។
អ៊ីរ៉ង់បានកក់កៅអីរបស់ខ្លួនរួចហើយ នៅក្នុងការប្រកួតរដូវក្តៅក្រោយ បន្ទាប់ពីបានបញ្ចប់នូវចំណាត់ថ្នាក់នៅទីកំពូលទាំង២ ក្នុងពូល អំឡុងវគ្គជម្រុះប្រចាំតំបន់អាស៊ី កាលពីខែមីនា ដោយនេះជាការបង្ហាញខ្លួនជាលើកទី៤ ជាប់ៗគ្នា នៅវគ្គចុងក្រោយ ក្នុងព្រឹត្តិការណ៍ World Cup ដោយបានចូលដល់វគ្គនេះ ៣ដងចុងក្រោយរួចមកហើយ (ឆ្នាំ២០១៤, ២០១៨ និង២០២២)៕
