នៅថ្ងៃអង្គារ (ទី២៤ មិថុនា) នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានប្រាប់ប្រធានាធិបតីចិន លោក Xi Jinping ថា ទំនាក់ទំនង រវាងសិង្ហបុរី និងចិន កាន់តែមានសារៈសំខាន់ជាងពេលមុន អំឡុងពេលមានភាពចលាចល និងភាពមិនប្រាកដប្រជាជាសកល។
អំឡុងកិច្ចប្រជុំនៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង លោកនាយករដ្ឋមន្រ្តី Wong បានលើកឡើងថា៖ «យើងអាចធ្វើការរួមគ្នា ដើម្បីសាងទំនាក់ទំនងកាន់តែជិតស្និត និងក៏ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ទាំងក្នុងវេទិកាតំបន់ និងពហុភាគី ដែលបន្តពង្រឹងពហុភាគីនិយម និងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ សម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងអស់»។

ចំណែកមេដឹកនាំចិន លោក Xi បានប្រាប់នាយករដ្ឋមន្ត្រី Wong ថា៖ «នៅចំពោះមុខស្ថានការណ៍អន្តរជាតិដ៏ចលាចលនាពេលបច្ចុប្បន្ន ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយប្រទេសសិង្ហបុរី រឹតបន្តឹងចំណងសហប្រតិបត្តិការ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីនាំឲ្យមានផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំង២»។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Wong ទៅកាន់ប្រទេសចិននេះ ធ្វើឡើងស្របពេលដែលសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទី២ ដែលអនុញ្ញាតឲ្យមានពាណិជ្ជកម្មសេរីនោះ បានស្ថិតនៅក្រោមការគំរាមកំហែង ដោយសារវិធានការដំឡើងពន្ធខ្ពស់របស់សហរដ្ឋអាមេរិកលើទំនិញពីប្រទេសជាច្រើន លើពិភពលោក ជាពិសេសពីប្រទេសចិន។
លោកនាយករដ្ឋមន្ត្រី Wong កំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៥ថ្ងៃ នៅប្រទេសចិន ដែលជាលើកដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រី៕
