អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun និយាយនៅថ្ងៃអង្គារនេះថា ចិនមិនចង់ឲ្យភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កើនឡើងនោះទេ ហើយទីក្រុងប៉េកាំងចង់ធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ។
លោក Guo និយាយនៅក្នុងសន្តិសីទសារព័ត៌មានថា ចិនធ្វើការអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់វិលត្រឡប់មករកវិស័យការទូតវិញ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។
លោកបន្តថា វិធានការយោធា មិនអាចនាំមកនូវសន្តិភាពបានទេ កិច្ចសន្ទនា និងកិច្ចចរចា គឺជាផ្លូវត្រូវ ដើម្បីដោះស្រាយបញ្ហា ។

អ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារនេះថា បទឈប់បាញ់បានចូលជាធរមាន ក្រោយពួកគេសម្រេចបានគោលដៅទាំងអស់ ក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី ១៣ ខែមិថុនាកន្លងទៅ ។
អ៊ីរ៉ង់ បានបញ្ជាក់ដែរថា ពួកគេនឹងឈប់សងសឹក បើសិនជាអ៊ីស្រាអែលឈប់ទម្លាក់គ្រាប់បែកលើខ្លួន ។
ខណៈពេលនោះដែរ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា បទឈប់បាញ់ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ឥឡូវនេះ បានចូលជាធរមានហើយ ហើយបានស្នើឲ្យប្រទេសទាំង២ កុំបំពានកិច្ចព្រមព្រៀងមួយនេះ ដោយការលើកឡើងបែបនេះ បានកើតមានត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែល ដែលសេវារថយន្តគិលានសង្គ្រោះអ៊ីស្រាអែលនិយាយថា មនុស្សយ៉ាងតិច ៤នាក់ បានស្លាប់ ៕
