អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់បាននិយាយថា ស្ត្រីអាហ្វហ្គានីស្ថានដែលព្យាយាមធ្វើដំណើរផ្លូវឆ្ងាយគួរតែត្រូវបានផ្តល់ជូនការដឹកជញ្ជូន ហើយលុះត្រាតែអមដំណើរដោយសាច់ញាតិជាបុរស។ សេចក្តីណែនាំដែលចេញកាលពីថ្ងៃអាទិត្យគឺជាការទប់ស្កាត់ចុងក្រោយបង្អស់លើសិទ្ធិស្ត្រី ចាប់តាំងពីក្រុមអ៊ីស្លាមនិយមមួយនេះបានដណ្តើមអំណាចកាលពីខែសីហា។

សាលាមធ្យមសិក្សាភាគច្រើននៅតែបិទទ្វារសម្រាប់ក្មេងស្រី ខណៈដែលស្ត្រីភាគច្រើនត្រូវបានហាមឃាត់មិនឱ្យចេញទៅធ្វើការ។ ក្រុមយុទ្ធនាការឃ្លាំមមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា ការរឹតត្បិតថ្មីនេះបានបន្តឆ្ពោះទៅរកចាត់ទុកស្ត្រីជាអ្នកទោស។ លោក Heather Barr នាយករងសហគមន៍សិទ្ធិស្ត្រីរបស់ក្រុមនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា បទបញ្ជានេះបានបិទឱកាសសម្រាប់ស្ត្រីដើម្បីអាចធ្វើដំណើរដោយសេរី ឬ "ដើម្បីអាចភៀសខ្លួន ប្រសិនបើពួកគេកំពុងប្រឈមនឹងអំពើហិង្សានៅក្នុងប្រទេស"។
សេចក្តីណែនាំចុងក្រោយបង្អស់ដែលចេញដោយក្រសួងលើកកម្ពស់គុណធម៌ និងការពាររបស់ក្រុមតាលីបង់បាននិយាយថា ស្ត្រីដែលធ្វដំណើរចម្ងាយជាង ៧០គីឡូម៉ែត្រគួរតែត្រូវបានអមដោយសមាជិកគ្រួសារជិតស្និទ្ធជាបុរស។ ឯកសារនេះអំពាវនាវឱ្យម្ចាស់យានជំនិះបដិសេធការជិះ ចំពោះស្ត្រីដែលមិនពាក់ក្រណាត់រុំក្បាល ឬរបាំងមុខរបស់សាសនាឥស្លាម ទោះបីជាវាមិនបានចែងថាត្រូវគ្របមុខ ឬក្បាលបែបណា។ ស្ត្រីអាហ្វហ្គានីស្ថានភាគច្រើនរុំក្បាលរួចហើយ។ បទបញ្ជាថ្មីចុងក្រោយនេះ ក៏ហាមប្រាមការចាក់ចម្រៀងនៅក្នុងយានជំនិះផងដែរ៕
អត្ថបទ៖ សុខមាន