អង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ បានថ្កោលទោស«ការប្រើប្រាស់អាហារជាអាវុធ»ជាក់ស្តែងរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាថា ជាឧក្រិដ្ឋកម្មសង្គ្រាម ហើយបានជំរុញយោធាអ៊ីស្រាអែលឲ្យ«បញ្ឈប់ការបាញ់ប្រហារលើមនុស្ស ដែលព្យាយាមមកទទួលយកអាហារ»។
ការិយាល័យសិទ្ធិមនុស្សរបស់UN បាននិយាយនៅក្នុងកំណត់ត្រាជាលាយលក្ខណ៍អក្សរ ដែលបានផ្តល់មុនសន្និសីទមួយថា`យន្តការជំនួយមនុស្សធម៌ផ្នែកយោធារបស់អ៊ីស្រាអែល គឺផ្ទុយនឹងស្តង់ដាអន្តរជាតិស្តីពីការចែកចាយជំនួយ»។

«ប្រជាជនដែលស្រេកឃ្លាននិងអស់សង្ឃឹមនៅតំបន់ហ្កាហ្សា នៅតែបន្តប្រឈមមុខនឹងជម្រើសដ៏អមនុស្សធម៌នៃការអត់ឃ្លាន រហូតដល់ស្លាប់ ឬប្រថុយនឹងការស្លាប់ នៅពេលកំពុងព្យាយាមមកយកអាហារ»។
មូលនិធិមនុស្សធម៌ហ្កាហ្សាដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល (GHF) បានចាប់ផ្តើមប្រតិបត្តិការចែកចាយស្បៀងអាហារនៅហ្កាហ្សា កាលពីថ្ងៃទី ២៦ ខែឧសភា បន្ទាប់ពីអ៊ីស្រាអែល បានកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុង ចូលទៅក្នុងទឹកដីប៉ាឡេស្ទី អស់រយៈពេលជាងពីរខែ ដែលបង្កឲ្យមានការព្រមានអំពីទុរ្ភិក្សដ៏ធំ។
អង្គការសហប្រជាជាតិ បាននិយាយកាលពីខែឧសភាថា៖«១០០ភាគរយនៃចំនួនប្រជាជន»នៃទឹកដីដែលត្រូវបានហ៊ុមព័ទ្ធនេះ គឺ «ប្រឈមនឹងគ្រោះទុរ្ភិក្ស»។
អង្គការសហប្រជាជាតិ និងក្រុមជំនួយសំខាន់ៗ បានបដិសេធមិនសហការជាមួយ GHF ដែលជាកិច្ចខិតខំប្រឹងប្រែងឯកជនជាផ្លូវការ ជាមួយនឹងការផ្តល់មូលនិធិមិនច្បាស់លាស់ ជុំវិញការព្រួយបារម្ភដែលវាត្រូវបានបង្កើតឡើង ដើម្បីបំពេញគោលបំណងយោធារបស់អ៊ីស្រាអែល។
