អ្នកពន្លត់អគ្គិភ័យរាប់រយនាក់ដែលមានជំនួយពីយន្តហោះ កំពុងប្រឹងប្រយុទ្ធនឹងចំហេះព្រៃដែលបានឆាបឆេះគ្រប់គ្រងលែងបានអស់រយៈពេល ៣ថ្ងៃមកហើយ នៅលើកោះ Chios នៅភាគខាងកើតនៃសមុទ្រ Aegean ដោយអាជ្ញាធរបានចេញបញ្ជាជម្លៀសជាច្រើន។ អណ្តាតភ្លើងដ៏សន្ធោសន្ធៅខ្ពស់ដូចជញ្ជាំង បានឆាបឆេះព្រៃឈើ និងដីកសិកម្មនៅលើកោះនេះ ដែលជំរុញឲ្យអាជ្ញាធរប្រកាសភាពអាសន្ន និងបានបញ្ជូនកងកម្លាំងពន្លត់អគ្គិភ័យពីទីក្រុងអាតែន នៅភាគខាងជើងនៃទីក្រុង Thessaloniki និងកោះ Lesbos ដែលនៅជិតនោះ។
គិតត្រឹមព្រឹកថ្ងៃអង្គារ (ទី២៤ ខែមិថុនា) នេះ នាយកដ្ឋាន បានឲ្យដឹងថា អ្នកពន្លត់អគ្គិភ័យចំនួន ៤៤៤នាក់ដែលមានរថយន្តចំនួន ៨៥គ្រឿង កំពុងជួយពន្លត់អណ្តាតភ្លើងដែលឆេះរាយប៉ាយ។ ឧទ្ធម្ភាគចក្រ ១១គ្រឿង និងយន្តហោះទម្លាក់ទឹក ២គ្រឿង កំពុងផ្តល់ជំនួយពីលើអាកាស។

សេវាសង្គ្រោះបន្ទាន់ បានចេញបញ្ជាជម្លៀស សម្រាប់ភូមិ និងការតាំងទីលំនៅជាច្រើន ក្នុងតំបន់ ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ជាពេលដែលអគ្គិភ័យបានចាប់ផ្ដើមកើតឡើង នៅក្បែរទីក្រុងដ៏សំខាន់មួយរបស់កោះនេះ។ នាយកដ្ឋានពន្លត់អគ្គិភ័យ បានបញ្ជូនក្រុមស៊ើបអង្កេតការបង្កអគ្គិភ័យទៅកោះ Chios ដើម្បីស្វែងរកមូលហេតុនៃចំហេះនេះ។
រដ្ឋមន្ត្រីក្រសួងការពារជនស៊ីវិល និងវិបត្តិអាកាសធាតុ លោក Giannis Kefalogiannis បាននិយាយកាលពីថ្ងៃចន្ទថា៖ «យើងកំពុងប្រឈមជាមួយចំហេះកើតឡើងក្នុងពេលដំណាលគ្នា នៅផ្នែកជាច្រើននៃតំបន់ភូមិសាស្ត្រដែលនៅឆ្ងាយពីគ្នានៃកោះនេះ ជាគំរូមួយដែលមិនអាចចាត់ទុកបានថា ជាហេតុការណ៍កើតឡើងដោយឯកឯងនោះឡើយ»។ លោកបានថ្លែងថា៖ «អាជ្ញាធរកំពុងពិនិត្យយ៉ាងហ្មត់ចត់ អំពីលទ្ធភាពនៃអំពើឧក្រិដ្ឋកម្មដោយចេតនា ឬហៅម្យ៉ាងទៀតថា ជាការលួចដុត»៕


