នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងហ្សេរុយសាឡឹម និយាយថា ពួកគេសង្ឃឹមថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងបន្ត ក្រោយសេចក្តីប្រកាសបទឈប់បាញ់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ហើយពួកគេចង់មើលឃើញសន្តិភាពជារៀងរហូត ។
លោក Adam Rose គឺជាពលរដ្ឋវ័យ ៥១ឆ្នាំមួយរូប និយាយថា ពួកយើងសង្ឃឹមថា ពួកយើង អាចវិលត្រឡប់ទៅធ្វើការវិញ និងទទួលបានអ្វីដែលពួកយើងធ្លាប់ធ្វើ ប៉ុន្តែរឿងសំខាន់បំផុតគឺបទឈប់បាញ់នេះ នឹងធ្វើឲ្យអ៊ីស្រាអែលសុវត្ថិភាពសម្រាប់កូនៗរបស់លោក និងកូនៗរបស់ពួកគេ ដែលបានរស់នៅទីនេះអស់រយៈពេលជាយូរមកហើយ ។

គួរឲ្យដឹងថា លោក Trump បានបញ្ជាក់ថា បទឈប់បាញ់ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ឥឡូវនេះ បានចូលជាធរមានហើយ ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ១២ថ្ងៃ ។
លោកបានស្នើឲ្យប្រទេសទាំង២ កុំបំពានកិច្ចព្រមព្រៀងមួយនេះ ដោយការលើកឡើងបែបនេះ បានកើតមានត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែល ដែលសេវារថយន្តគិលានសង្គ្រោះអ៊ីស្រាអែលនិយាយថា មនុស្សយ៉ាងតិច ៤នាក់ បានស្លាប់ ។
ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ SNN របស់អ៊ីរ៉ង់ រាយការណ៍នៅថ្ងៃអង្គារនេះថា ទីក្រុងតេអេរ៉ង់ បានបាញ់មីស៊ីលជុំចុងក្រោយ មុនពេលបទឈប់បាញ់ចូលជាធរមាន ៕
