កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមអាជ្ញាធរអែលសាល់វ៉ាឌ័រ បានបង្ហាញគ្រឿងញៀនរឹបអូសបានប្រភេទកូកាអ៊ីនទម្ងន់ ៦,៣តោន តាមសមុទ្រកាលពីដើមខែនេះ ដែលមានតម្លៃប្រហែល ១៥៧លានដុល្លារ ។
រដ្ឋាភិបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បេសកកម្មនេះ ធ្វើឡើងចន្លោះថ្ងៃទី ២ និងថ្ងៃទី ១០ ខែមិថុនា ពេលដែលពួកគេស្កាត់បាននាវា ៥គ្រឿងដឹកគ្រឿងញៀន នៅចម្ងាយជាង ១.៨០០គ.មពីតំបន់ឆ្នេរអែលសាល់វ៉ាឌ័រ និងចាប់បានក្រុមជួញដូរគ្រឿងញៀនសង្ស័យចំនួន ១៧នាក់ មកពីប្រទេសហ្គ័រតេម៉ាឡា ម៉ិកស៊ិក កូឡុំប៊ី និងអេក្វាឌ័រ ។
រដ្ឋមន្រ្តីក្រសួងការពារជាតិអែលសាល់វ៉ាឌ័រលោក Rene Francis Merino បានប្រៀបប្រដូចកិច្ចខិតខំរបស់ប្រទេសនៅអាមេរិកកណ្តាលមួយនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ទៅនឹងគោលនយោបាយសន្តិសុខទទួលស្គាល់ជាអន្តរជាតិ ក្នុងការបោសសម្អាតក្រុមមេខ្លោងជួញដូរគ្រឿងញៀន ។
រដ្ឋាភិបាលអែលសាល់វ៉ាឌ័រ ដែលបានរក្សារដ្ឋក្នុងគ្រាអាសន្នអស់រយៈពេល ៣ឆ្នាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាលនោះ បានចុះប្រតិបត្តិការតាមសមុទ្រជាច្រើនលើក នៅមហាសមុទ្រប៉ាស៊ីហ្វិកដែលជំរុញឲ្យពួកគេរឹបអូសបានគ្រឿងញៀន ហើយកិច្ចប្រឹងប្រែងទាំងអស់នោះ ត្រូវបានគាំទ្រដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសរបស់ពួកគេ ៕

