កាតានិយាយថា ការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក Al Udeid ស្ថិតក្នុងប្រទេសនៅតំបន់ឈូងសមុទ្រមួយនេះ គឺជាបញ្ហាអធិបតេយ្យភាព ក្រោយអ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពមួយនេះ ជាការសងសឹកនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ។
អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលលើមូលដ្ឋានទ័ពអាកាសអាមេរិកនៅប្រទេសកាតា កាលពីថ្ងៃចន្ទ ប៉ុន្តែពុំបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចាត់ថាការឆ្លើយតបនេះថា ខ្សោយប៉ុណ្ណោះ ចំពោះការវាយប្រហាររបស់អាមេរិក ខណៈ លោកជំរុញឲ្យអ៊ីរ៉ង់ និងអ៊ីស្រាអែលបង្កើតសន្តិភាព ក្រោយអរិភាពរយៈពេល ១១ថ្ងៃ ។

ការវាយប្រហារលើមូលដ្ឋានទ័ពអាកាស Al Udeid នៅប្រទេសជិតខាងកាតា បានគំរាមគំហែងដល់ជម្លោះទ្រង់ទ្រាយធំដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៣ ខែមិថុនា ពេលដែលអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ ដោយមានគោលដៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក ។
អ៊ីរ៉ង់ បានគំរាមសងសឹកសហរដ្ឋអាមេរិក ក្រោយយន្តហោះទម្លាក់គ្រាប់បែកអាមេរិកទម្លាក់គ្រាប់បែកទម្ងន់ ៣ម៉ឺនផោនលើទីតាំងនុយក្លេអ៊ែរក្រោមដីរបស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីចូលរួមសង្រ្គាមច្រកអាកាសរបស់អ៊ីស្រាអែល ហើយលោក Trumpលើកឡើងពីលទ្ធភាពនៃការផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ទៀតផង ៕

