បាល់ទាត់៖ ក្លិបយក្សអេស្ប៉ាញ Real Madrid គ្រោងបញ្ចេញកីឡាករប៊ែលហ្ស៊ិក Eden Hazard ឱ្យទៅក្លិបចាស់តោខៀវ Chelsea វិញជាថ្នូរនាំយកខ្សែការពារអង់គ្លេស Reece James មកកាន់ទឹកដី Santiago Bernabeu នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន El Nacional។ ក្រុមកំពូលតារាងក្របខណ្ឌអេស្ប៉ាញ La Liga កំពុងសំឡឹងរកខ្សែការពារខាងស្តាំដើម្បីជាជំរើសទី១ ពីលើ Dani Carvajal។

ប្រធានក្លិប Real Madrid លោក Florentino Perez សង្ឃឹមថា Chelsea យល់ព្រមសំណើដោះដូរស្មើរវាងកីឡាករទាំងពីរ។ ខ្សែការពារស្លាបស្តាំ Reece James កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីក្លិបធំៗ បន្ទាប់ពីទំរង់លេងលេចធ្លោរដូវកាលនេះក្រោមការដឹកនាំរបស់លោក Thomas Tuchel។ កីឡាករវ័យ ២២ឆ្នាំរូបនេះគឺជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Chelsea ស្រាប់ និងបានឡើងមកក្រុមធំនៅឆ្នាំ២០១៨ ហើយក៏ត្រូវបានបញ្ចេញឱ្យ Wigan ខ្ចី។ ចំណែក Eden Hazard ដែលធ្លាប់ចំណាយពេល ៧ឆ្នាំជាមួយ Chelsea ពីឆ្នាំ២០១២ នោះបានចាកចេញទៅ Real Madrid កាលពីឆ្នាំ២០១៩ តែមិនជោគជ័យឡើយនៅទឹកដីអេស្ប៉ាញដោយសារបញ្ហារបួសញាំញី៕
អត្ថបទ៖នាង សុភាវុធ