ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយនៅថ្ងៃអង្គារនេះថា បទឈប់បាញ់ បានចូលជាធរមានហើយ ភ្លាមៗក្រោយសារព័ត៌មានរដ្ឋអ៊ីរ៉ង់ ប្រកាសថា ទីក្រុងតេអេរ៉ង់ បានបាញ់មីស៊ីលជុំចុងក្រោយលើអ៊ីស្រាអែល ហើយលោកនិយាយទៀតថា លោកមិនសប្បាយចិត្តនោះទេ ពេលដែលអ៊ីស្រាអែល និងអ៊ីរ៉ង់ប្រកាសបំពានបទឈប់បាញ់ដូចគ្នាបែបនេះ ។
លោក Trumpនិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានមុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូនៅទីក្រុងឡាអេ ប្រទេសហូឡង់ថា លោកមិនសប្បាយចិត្តជាមួយពួកគេនោះទេ ។ លោកមិនសប្បាយចិត្តជាមួយអ៊ីរ៉ង់ដូចគ្នា ប៉ុន្តែលោកពិតជាមិនសប្បាយចិត្តទៅទៀត បើសិនជាអ៊ីស្រាអែលចេញទៅបំពាននៅព្រឹកនេះ ។
លោកថា អ៊ីរ៉ង់បំពានបទឈប់បាញ់ ប៉ុន្តែអ៊ីស្រាអែលក៏បានបំពានវាផងដែរ ប៉ុន្តែលោកសូមជំរុញឲ្យរដ្ឋជ្វីហ្វមិនត្រូវបន្តវាយប្រហារដោយមីស៊ីលសងសឹកអ៊ីរ៉ង់នោះឡើយ ។
នៅមុននេះ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz បានណែនាំដល់យោធាប្រទេសរបស់លោកឲ្យឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការបំពានបទឈប់បាញ់ដោយអ៊ីរ៉ង់ ដែលទីក្រុងតេអេរ៉ង់ បានច្រានចោល ។
លោកនិយាយថា របបអ៊ីរ៉ង់បានបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ដែលត្រូវបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក ហើយនិងបានបាញ់មីស៊ីលលើអ៊ីស្រាអែល ហើយស្របតាមគោលនយោបាយរដ្ឋាភិបាលដែលបានកំណត់ ពួកយើងនឹងឆ្លើយតបយ៉ាងខ្លាំងក្លារាល់ការបំពានណាមួយ ៕