ក្រុមមន្រ្តីនិយាយថា ការវាយប្រហារមីស៊ីលរុស្ស៊ីលើតំបន់ភាគអាគ្នេយ៍ Dnipropetrovsk ប្រទេសអ៊ុយក្រែននាថ្ងៃអង្គារនេះ បានសម្លាប់មនុស្សយ៉ាងហោច ៩នាក់ បណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ហើយអ្នកដំណើររាប់សិបនាក់នៅក្នុងរថភ្លើង បានរងរបួស ។
អភិបាលតំបន់ Dnipropetrovsk លោក Serhiy Lysak និយាយថា រលកនៃការវាយប្រហារ ២លើក បានសម្លាប់មនុស្ស ៧នាក់នៅក្នុងរដ្ឋធានី Dnipro ជាទីដែលការផ្ទុះបានបំផ្លិចបំផ្លាញបង្អួចរថភ្លើង និងអំបែងកញ្ចក់ស្រោចលើអ្នកដំណើរ ។
លោកបន្តថា មនុស្សជិត ៧០នាក់ រួមទាំងកុមារ ១០នាក់ បានរងរបួស ហើយចំនួនអ្នករងរបួសនេះ អាចនឹងកើនឡើង ។
សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋ និយាយថា មនុស្ស ២នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Samar ដែលមានចម្ងាយប្រហែល ១០គ.មពីទីក្រុង Dnipro ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Andrii Sybiha បានអំពាវនាវឲ្យប្រទេសដៃគូលោកខាងលិចរបស់ទីក្រុងគីវ ត្រូវតែឆ្លើយតបនឹងការវាយប្រហារនេះ ។
បច្ចុប្បន្នក្រុមមេដឹកនាំអង្គការណាតូ កំពុងស្ថិតនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ សម្រាបកិច្ចប្រជុំកំពូលសម្ព័ន្ធមិត្ត ជាទីដែលលោកប្រធានាធិបតី Volodymyr Zelenskiy សង្ឃឹមថា នឹងទទួលបានការគាំទ្រផ្នែកយោធាបន្ថែមទៀត ប្រឆាំងការវាយលុកពេញបន្ទុករបស់រុស្ស៊ី ដែលបានចាប់ផ្តើមឡើងកាលពីឆ្នាំ ២០២២ ៕