ទីក្រុងញូវដេលី នៅថ្ងៃអង្គារ (ទី២៤ ខែមិថុនា) បានប្រាប់ឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយសមភាគី ក្នុងតំបន់។
គួរបញ្ជាក់ថា ទំនាក់ទំនង រវាងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកទាំង២ មានភាពប្រសើរឡើងវិញ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាប ក្នុងឆ្នាំ២០២០ ដោយសារការប៉ះទង្គិចគ្នាដ៏អាក្រក់ រវាងកងទ័ពនៃភាគីទាំង២ នៅព្រំដែនហិមាល័យ។
អំឡុងពេលបង្ហាញវត្តមាននៅប្រទេសចិននោះ លោក Singh នឹងចូលរួមជាមួយបណ្ដារដ្ឋមន្ត្រីការពារជាតិ ក្នុងទីក្រុង Qingdao ភាគខាងកើត សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលនឹងចាប់ផ្តើមពីថ្ងៃពុធ (ទី២៥ ខែមិថុនា)។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានឲ្យដឹងថា លោករដ្ឋមន្ត្រីរូបនេះ នឹង «គូសបញ្ជាក់ពីចក្ខុវិស័យរបស់ឥណ្ឌា ដើម្បីសម្រេចបាននូវសន្តិភាព និងសន្តិសុខអន្តរជាតិកាន់តែធំធេង អំពាវនាវឲ្យមានកិច្ចប្រឹងប្រែងរួមគ្នា និងជាប់លាប់ ក្នុងការលុបបំបាត់ អំពើភេរវកម្ម និងអំពើជ្រុលនិយម នៅក្នុងតំបន់»។
ជាមួយគ្នានេះ លោក Singh ក៏នឹងជួបប្រជុំទ្វេភាគីជាមួយសមភាគីចិន និងរុស្ស៊ី ដែលជាសមាជិកសម្ព័ន្ធភាព រួមជាមួយប៉ាគីស្ថាន អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន និងបេឡារុស។
នៅមុនកិច្ចប្រជុំ SCO ដែលមានរយៈពេល ២ថ្ងៃនេះ ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval បានជួបពិភាក្សានៅទីក្រុងប៉េកាំង ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi៕