ហ្វូងជនប៉ាឡេស្ទីន បាននាំគ្នាចោមរោមរថយន្តដឹកជំនួយនៅទីក្រុង Beit Lahiya ស្ថិតក្នុងតំបន់ហ្កាហ្សា ទាំងរថយន្តកំពុងបើកបរ ពួកគេខ្លះនាំគ្នាឡើងលើរថយន្ត ដើម្បីដណ្តើមស្បៀងអាហារ ស្របពេលដែលវិបត្តិស្រេកឃ្លានកាន់ធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើដែនដីបិទច្រកមួយនេះ ។
នៅក្នុងចំណោមភាពវឹកវរនេះ គឺបុរសរងរបួសម្នាក់ ដែលត្រូវបានគេសែងចេញ ។ គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើគាត់រងរបួសដោយវិធីណា ឬរបួសរបស់គាត់ធ្ងន់ធ្ងរបែបណា ។
អ៊ីស្រាអែលបានបញ្ជូនជំនួយភាគច្រើនរបស់ខ្លួនតាមរយៈមូលនិធិមនុស្សធម៌ហ្កាហ្សា(GHF)ដែលគាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក និងប្រតិបត្តិការទីតាំងចែកចាយជំនួយជាច្រើនកន្លែងដែលការពារដោយកងកម្លាំងអ៊ីស្រាអែល ។
ក្រុមគ្រូពេទ្យបឋមហ្គាហ្សា និយាយថា ទាហានទាំងនោះ បានបាញ់សម្លាប់ជនប៉ាឡេស្ទីនរាប់សិបនាក់ដែលព្យាយាមដណ្តើមស្បៀងអាហារពីលើរថយន្តដឹកជំនួយ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
យោធាអ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួនបើកការបាញ់ប្រហារ និងបាញ់ព្រមានដើម្បីបំបែកហ្វូងមនុស្សមកជិត និងបង្កឲ្យមានការគំរាមកំហែងតំបន់ដែលទាហានប្រតិបត្តិការ ។
ក្រុមមនុស្សធម៌និយាយថា ប្រព័ន្ធមូលនិធិ GHF បង្ខំឲ្យមនុស្សប្រឈមនឹងការបាត់បង់អាយុជីវិតរបស់ពួកគេ ពេលចូលតំបន់ប្រយុទ្ធ ដើម្បីទទួលបានជំនួយ ។
លោក Mohamed Abdel Jawad វ័យ ២៨ឆ្នាំ ស្ថិតក្នុងចំណោមជនប៉ាឡេស្ទីនដែលស្វែងរកជំនួយស្បៀងអាហារ ។
លោក Mohamed និយាយថា លោករង់ចាំស្បៀងអាហារ ។ លោកចង់បានស្បៀងអាហារ ។ លោកគឺជាមនុស្សដែលត្រូវការបរិភោគ លោកគ្មានអាហារនោះទេ គ្មានជម្រកនោះទេ ។ មនុស្សទាំងអស់អស់កម្លាំងខ្លាំងណាស់ ។
លោកបន្តថា ពួកយើងមកទីនេះ និងរង់ចាំនៅទីនេះ លោកហ៊ានស្បថថា ពួកយើងដូចជាប្រគល់ខ្លួនឲ្យសេចក្តីស្លាប់អញ្ចឹង ។ ពួកយើងកំពុងដើរឆ្ពោះទៅរកសេចក្តីស្លាប់ គ្មានដំណោះស្រាយឡើយ ។ បើសិនជាអ្នកចង់ឲ្យចំណីដល់ពួកយើង អ្នកឲ្យ តែបើសិនជាអ្នកមិនចង់ឲ្យចំណីពួកយើងវិញ អ្នកក៏សម្លាប់ពួកយើង ។ បើអ្នកមិនចង់ឲ្យពួកយើងរស់ ក៏សម្លាប់ពួកយើង ៕