ស្ថានីយអង្កេតចក្រវាល The Vera C. Rubin Observatory នៅប្រទេសឈីលី បានបញ្ចេញរូបភាពដំបូងនៃចក្រវាលជ្រៅ បង្ហាញពីកញ្ចុំផ្កាយ ហ្វូងដួងតារា និងផ្កាយព្រះគ្រោះរាប់លានដួង ដែលចាប់យកបានដោយកាមេរ៉ាឌីជីថលធំបំផុតនៅលើពិភពលោក ។
ស្ថិតនៅលើកំពូលភ្នំ Cerro Pachon ភាគកណ្តាលប្រទេសឈីលី រូបភាពដំបូងរបស់តេឡេស្កូបអង្កេត Rubin ឃើញហ្វូងដូងតារាដ៏គួរឲ្យភ្ញាក់ផ្អើល ។ រូបភាពដ៏គួរចាប់អារម្មណ៍មួយ គឺទិដ្ឋភាពដ៏ធំទូលាយនៃកញ្ចុំផ្កាយ Virgo បង្ហាញកាំរស្មីវត្ថុនភាកាស ជះពន្លឺពណ៌ខៀវខ្ចី និងតារាក្រហម កញ្ចុំផ្កាយវង់ និងកញ្ចុំផ្កាយក្រហម ។
រូបភាពទល់មុខគ្នាបង្កើតបានពីការបញ្ចេញពន្លឺចំនួន ៦៧៨ និងថតបានត្រឹមរយៈពេល ៧ម៉ោងនោះ ចាប់បានហ្វូងដួងតារាយក្ស Trifid និង Lagoon Nebulae បញ្ចេញពន្លឺពណ៌ផ្កាឈូកយ៉ាងរស់រវើកចាំងនឹងផ្ទៃខាងក្រោយពណ៌ក្រហម-លឿងទុំ ។ តំបន់ហ្វូងដូងតារាទាំងអស់នេះ ស្ថិតនៅចម្ងាយច្រើនពាន់ឆ្នាំពន្លឺពីផែនដី ។
ការអង្កេតរយៈពេលជិត ១០ម៉ោងនេះ តេឡេស្កូប Rubin កំណត់បានផ្កាយព្រះគ្រោះពុំធ្លាប់ស្គាល់កាលពីមុនចំនួន ២.១០៤ផ្កាយ ស្ថិតក្នុងប្រព័ន្ធព្រះអាទិត្យ រួមទាំងផ្កាយព្រះគ្រោះជិតផែនដីចំនួន ៧ ដែលផ្កាយទាំងអស់នេះត្រូវបានបញ្ជាក់ថា មិនប៉ះពាល់ភពផែនដីនោះឡើយ ។
ក្រុមអ្នកស្រាវជ្រាវ បាននិយាយអំឡុងពេលបង្ហាញរូបភាពកាលពីថ្ងៃចន្ទថា តេឡេស្កូប Rubin ត្រូវបានចាត់ទុកថាជាតេឡេស្កូបអង្កេតមានប្រសិទ្ធិភាពបំផុត សម្រាប់ការរកឃើញវត្ថុក្នុងហ្វូងដូងតារាដែលធ្វើដំណើរឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យ ៕