កងកម្លាំងអ៊ីស្រាអែល និងយានដ្រូនបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៨៦ នាក់ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអង្គារសប្ដាហ៍នេះ រួមទាំង៥៦នាក់នៅជិតមជ្ឈមណ្ឌលចែកចាយជំនួយ ក្នុងការវាយប្រហារចុងក្រោយបង្អស់លើមនុស្សដែលកំពុងរស់នៅទាំងអស់សង្ឃឹមក្នុងការស្វែងរកជំនួយក្នុងដែនដីហ្កាហ្សាស្ទ្រីប រងការឡោមព័ទ្ធដោយអ៊ីស្រាអែល នេះបើយោងតាមប្រភពវេជ្ជសាស្ត្រក្នុងមន្ទីរពេទ្យនានា។

ក្នុងទីក្រុង Rafah តែមួយគត់ ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា អ្នកស្វែងរកជំនួយចំនួន២៧ នាក់ត្រូវបានបាញ់សម្លាប់ដោយយោធាអ៊ីស្រាអែលកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
ចំនួនអ្នកស្លាប់សរុបពីសង្គ្រាមរបស់អ៊ីស្រាអែល ក្នុងទឹកដីនេះ បានកើនឡើងដល់ជាង ៥៦.០០០នាក់ និង១៣១.៨៤៨នាក់ បានរងរបួសចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣មក។
ការស្លាប់នេះគឺជារលកចុងក្រោយនៃការសម្លាប់រង្គាលប្រចាំថ្ងៃនៅជិតចំណុចចែកចាយជំនួយដែលបានបង្កើតឡើងកាលពីចុងខែមុន ដោយមូលនិធិមនុស្សធម៌ហ្កាហ្សា គាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលប្រធានទីភ្នាក់ងារផ្ដល់ជំនួយនិងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNWRA) បានហៅថាជា "អន្ទាក់មរណៈ" ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានឲ្យដឹងថា ប្រភពវេជ្ជសាស្រ្តនានាបានរាយការណ៍ថាមនុស្សយ៉ាងហោចណាស់២៥នាក់បានស្លាប់ក្នុងឧបទ្ទវហេតុមួយនៅលើផ្លូវ Salah al-Din ភាគខាងត្បូងនៃតំបន់ឆ្នេរសមុទ្រ Wadi Gaza នៅកណ្តាលដែនដីហ្កាហ្សា ។ មនុស្សជាង១៤០នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះ៦២នាក់របួសធ្ងន់ ៕


