យោងតាមប្រភពចំនួន៤ និងឯកសារមួយច្បាប់មើលឃើញដោយសារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា សហរដ្ឋអាមេរិក កំពុងផ្តល់ប្រាក់ចំនួន ៣០លានដុល្លារ ដល់ក្រុមមនុស្សធម៌ដ៏ចម្រូងចម្រាសមួយ ដែលផ្តល់ជំនួយនៅក្នុងតំបន់ហ្កាហ្សាហែកហួរដោយសង្រ្គាម បើទោះបីជាមានក្ដីបារម្ភជាច្រើនក្នុងចំណោមក្រុមមន្ត្រីអាមេរិកមួយចំនួនអំពីប្រតិបត្តិការរយៈពេលមួយខែមកនេះ និងការសម្លាប់ជនជាតិប៉ាឡេស្ទីននៅជិតកន្លែងចែកចាយស្បៀងអាហារក៏ដោយ។

ទីក្រុងវ៉ាស៊ីនតោន បានគាំទ្រមូលនិធិមនុស្សធម៌ហ្កាហ្សា ហៅកាត់ថាក្រុម GHF ជាយូរណាស់មកហើយ ប៉ុន្តែនេះគឺជាការរួមចំណែកផ្នែកហិរញ្ញវត្ថុដំបូងបង្អស់ដែលគេបានដឹង របស់រដ្ឋាភិបាលអាមេរិក សម្រាប់អង្គការជំនួយដែលប្រើក្រុមហ៊ុនយោធា និងភស្តុភារឯកជនរបស់សហរដ្ឋអាមេរិក ដើម្បីដឹកជញ្ជូនជំនួយទៅក្នុងតំបន់ប៉ាឡេស្ទីន ហ្កាហ្សា សម្រាប់ចែកចាយនៅកន្លែងនានា ដែលហៅថាជាទីតាំងសុវត្ថិភាព។
ឯកសារដែលត្រូវពិនិត្យដោយរ៉យទ័របានបង្ហាញថា ជំនួយចំនួន ៣០លានដុល្លារ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ដល់ក្រុម GHF ត្រូវបានអនុញ្ញាតកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោម "សេចក្ដីណែនាំជាអាទិភាព" ពីសេតវិមាន និងក្រសួងការបរទេសអាមេរិក។ ឯកសារក៏បានបង្ហាញថា ការផ្ដល់ឱ្យដំបូងចំនួន ៧លានដុល្លារ ត្រូវបានធ្វើឡើងរួចរាល់ហើយ។
ប្រភពទាំងបួននិយាយថា មន្ត្រីអាមេរិកមួយចំនួនបានជំទាស់នឹងការផ្តល់ថវិកាណាមួយរបស់សហរដ្ឋអាមេរិក ដល់មូលនិធិមួយនេះ ជុំវិញការព្រួយបារម្ភពីអំពើហិង្សានៅជិតកន្លែងចែកចាយជំនួយ ការមិនមានបទពិសោធន៍គ្រាប់គ្រាន់របស់ក្រុម GHF និងការចូលរួមពីក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនយោធាឯកជនរបស់សហរដ្ឋអាមេរិក ដែលរកប្រាក់ចំណេញ៕


