អ៊ីរ៉ង់ បានចំណាយពេលជាច្រើនទសវត្សរ៍ដើម្បីពង្រីកបណ្ដាញរបស់ខ្លួននៅមជ្ឈិមបូព៌ា ដោយការកសាងបណ្តាញដៃគូសម្ព័ន្ធមិត្តជាច្រើន ដែលត្រូវគេស្គាល់ថាជា "ចលនាអ័ក្សនៃការតស៊ូ" ឬក្រុមតំណាងរបស់ខ្លួន។

ទោះជាបែបនេះក៏ដោយ អ៊ីរ៉ង់នៅតែឈរម្នាក់ឯងក្នុងការតតាំងនឹងការវាយប្រហារថ្មីៗនេះដោយអ៊ីស្រាអែល ដែលសហរដ្ឋអាមេរិក ក៏បានចូលរួមដោយការទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរសំខាន់ៗចំនួន៣ របស់សាធារណរដ្ឋអ៊ិស្លាមមួយនេះ ខណៈបទឈប់បាញ់ជាបណ្តោះអាសន្នជាមួយអ៊ីស្រាអែល បានចូលជាធរមាននៅថ្ងៃទី២៤ ខែមិថុនា។
ទោះជាមានមិត្តនៅជុំវិញខ្លួនក៏ពិតមែន ប៉ុន្តែទីក្រុងតេអេរ៉ង់ ហាក់ឯកោខ្លាំងណាស់ក្នុងជម្លោះប៉ុន្មានថ្ងៃមកនេះ ដោយបណ្តាញនៃភាពជាដៃគូ ដែលអ៊ីរ៉ង់ បានផ្តល់មូលនិធិ និងបំពាក់អាវុធអស់ជាច្រើនឆ្នាំកំពុងជួបការលំបាក ហើយសម្ព័ន្ធមិត្តរដ្ឋរបស់ប្រទេសនេះគឺរបបលោក Bashar Al-Assad នៅស៊ីរី ក៏បានដួលរលំនៅក្នុងខែធ្នូ ឆ្នាំ២០២៤។
លើសពីនេះទៅទៀត សង្គ្រាមជិតពីរឆ្នាំជាមួយអ៊ីស្រាអែល បានធ្វើឱ្យក្រុមប៉ាឡេស្ទីនហាម៉ាស និងអង្គការហេសបូឡា របស់លីបង់ ចុះខ្សោយ។ ហើយខណៈពេលដែលក្រុមសកម្មប្រយុទ្ធហ៊ួទី នៅក្នុងប្រទេសយេម៉ែន នៅតែរឹងទទឹង សមត្ថភាពរបស់ក្រុមនេះក៏ត្រូវបានចុះខ្សោយខ្លាំងណាស់ដែរ ដោយសារការវាយប្រហាររបស់អាមេរិក។
អ៊ីរ៉ង់ បាននិងកំពុងកសាងទំនាក់ទំនងនៅកន្លែងផ្សេង ដោយរំកិលទៅជិតស្និទ្ធិនឹងរុស្ស៊ី និងចិន ហើយបានពង្រឹងទំនាក់ទំនងជាមួយគូប្រជែងឈូងសមុទ្រអារ៉ាប់របស់ខ្លួនសម្រាប់អំណាចក្នុងតំបន់ដូចជាអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម (UAE) ជាដើម ប៉ុន្តែចំណងដែលងាកទៅខាងសេដ្ឋកិច្ចទាំងនោះ ហាក់មិនអាចជួយអ៊ីរ៉ង់ក្នុងពេលជម្លោះដ៏គ្រោះថ្នាក់នេះបានឡើយ៕

