អឺរ៉ុប៖ ប្រទេសជាច្រើននៅអឺរ៉ុបបានរាយការណ៍ថា កំណើនករណីឆ្លងប្រចាំថ្ងៃខ្ពស់នៃវីរុស COVID-19 ខណៈវីរុសបម្លែងខ្លួនថ្មី Omicron បន្តកើនឡើងពាសពេញទ្វីប។ ប្រទេសបារាំងបានរាយការណ៍ករណីឆ្លងថ្មីខ្ពស់បំផុតចំនួន ១៧៩,៨០៧នាក់ក្នុងរយៈពេល ២៤ម៉ោងកាលពីថ្ងៃអង្គារ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីការចាប់ផ្ដើមផ្ទុះឡើង នៃជំងឺរាតត្បាតសកលនេះ។ កំណត់ត្រាចំនួនអ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃសៅរ៍មានចំនួន ១០៤,៦១១នាក់។
ចំណែកចក្រភពអង់គ្លេសបានរាយការណ៍ករណីឆ្លងថ្មីនៃវីរុស COVID-19 ចំនួន ១២៩,៤៧១នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយកាលពីថ្ងៃអង្គារ ដោយមិនរាប់បញ្ចូលដែនដីអៀរឡង់ខាងជើង និងស្កុតឡិន។ កំណត់ត្រាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតគឺ ១២២,១៨៦នាក់កាលពីថ្ងៃទី២៤ ខែធ្នូ។ ប្រទេសព័រទុយហ្គាល់ក៏បានរាយការណ៍អំពីករណីឆ្លងវីរុសកូរ៉ូណា ឬ COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតផងដែរកាលពីថ្ងៃអង្គារ បើទោះបីជាប្រទេសនេះស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយរបស់ពិភពលោក ដូចប្រទេសស៊ីប អ៊ីតាលី និងក្រិកក៏ដោយ។
ទន្ទឹមនឹងនេះ រោងមហោស្រពនានា និងកន្លែងវប្បធម៌ផ្សេងទៀតរបស់ប្រទេសបែលហ្ស៊ិក បានទទួលជ័យជម្នះផ្នែកច្បាប់លើកដំបូងកាលពីថ្ងៃអង្គារក្នុងការបើកដំណើរការឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាឱ្យបិទ ជាផ្នែកនៃការរឹតបន្តឹងទប់ស្កាត់ការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃវីរុសបម្លែងខ្លួនថ្មី Omicron។ អង្គការសុខភាពពិភពលោកបានព្រមានថា វីរុសបម្លែងខ្លួនថ្មី Omicron អាចគ្របដណ្ដប់លើប្រព័ន្ធថែទាំសុខភាព បើទោះបីជាការសិក្សាដំបូងបង្ហាញថា វីរុសប្រភេទនេះបណ្ដាលឱ្យមានជំងឺស្រាលជាងប្រភេទវីរុសមុនៗក៏ដោយ ខណៈប្រទេសចិន និងអាល្លឺម៉ង់បានណែនាំឡើងវិញនូវការរឹតត្បិតដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងថ្មី៕
អត្ថបទ៖ សុខមាន