ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់២៦ នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់រងរបួសនៅទូទាំងប្រទេសអ៊ុយក្រែនក្នុងការវាយប្រហាររបស់រុស្ស៊ី ខណៈទីក្រុងមូស្គូ និងទីក្រុងគីវ បានបង្កើនការវាយប្រហារដោយយានដ្រូនដាក់គ្នាកាន់តែខ្លាំងក្លា ។លោក Volodymyr Zelenskyy កំពុងស្វែងរកការធានាពីសម្ព័ន្ធមិត្តលោកខាងលិចបន្ថែមទៀតក្នុងជំនួបកំពូលណាតូ ដើម្បីទប់ទល់កងកម្លាំងរបស់រុស្ស៊ី។

ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា ក្រោយមកនៅថ្ងៃអង្គារដដែលនេះ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីព្រឹកព្រលឹមទៅលើទីក្រុង Dnipro ភាគកណ្តាលរបស់អ៊ុយក្រែន បានកើនឡើងដល់ ១៧ នាក់។ការវាយប្រហារ ត្រូវបានគេរាយការណ៍ពេញមួយយប់ក្នុងតំបន់មួយចំនួននៃប្រទេសអ៊ុយក្រែនក៏ដូចជានៅក្នុងទីក្រុងមូស្គូផងដែរ។
ការវាយប្រហារនេះ គឺជាការវាយលុកចុងក្រោយបង្អស់ក្នុងអរិភាពដែលកាន់តែខ្លាំងក្លា ស្របពេលកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ធ្វើជាអន្តរការីសម្រាប់បទឈប់បាញ់បានជាប់គាំង ខណៈជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់គ្របដណ្តប់ការយកចិត្តទុកដាក់ជាសកលលើជម្លោះរុស្ស៊ី-អ៊ុយក្រែន ។
រដ្ឋបាលយោធាក្នុងតំបន់បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើភូមិមួយនៅទីក្រុង Sumy បានសម្លាប់ក្មេងប្រុសអាយុប្រាំបីឆ្នាំម្នាក់ និងមនុស្សពេញវ័យពីរនាក់ ព្រមទាំងបីនាក់ទៀតរងរបួស។
អាជ្ញាធរក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយយានដ្រូនក៏បានធ្វើឱ្យមនុស្សប្រាំនាក់រងរបួសនៅក្នុងទីក្រុង Kharkov និងបួននាក់ផ្សេងទៀតនៅក្នុងតំបន់ Dnipropetrovsk ផងដែរ។
ការវាយប្រហារនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងដ្រូនដ៏ធំលើរដ្ឋធានី Kyiv របស់អ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់៕


