ការលក់ដូរបន្លែ ផ្លែឈើ នៅតាមបណ្ដាផ្សារនៅរាជធានីភ្នំពេញ មានដំណើរការជាធម្មតាទាំងចំនួនបរិមាណផ្គត់ផ្គង់ ក៏ដូចជាការរក្សាបាននូវតម្លៃថេរដដែល ទោះបីកម្ពុជាបានសម្រេចបិទការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃមួយរយៈហើយក៏ដោយ ជាក់ស្ដែងនៅផ្សារបឹងកេងកងការផ្គត់ផ្គង់បន្លែ ផ្លែឈើ និងផលលិតផលកសិកម្មក្នុងស្រុកមានសភាពដំណើរការទៅធម្មតា។

អាជីវករលក់ដូរនៅផ្សារបឹងកេងកង បានអះអាងថា ពួកគេនៅតែមានផលិតផលលក់ជូនប្រជាពលរដ្ឋជាធម្មតា និងលក់ដូរក្នុងតម្លៃថេរធម្មមិនមានការដំឡើងតម្លៃឡើយ។ ពួកគាត់បានអះអាងថា ការលក់ដូរបន្លែ ផ្លែឈើ គឺគ្មានការប៉ះពាល់ណាមួយពីការបិទការនាំចូលពីថៃនោះទេ ព្រោះពួកគាត់នាំចូលបន្លែក្នុងស្រុក ពីកសិករនៅខេត្តកណ្ដាល ខេត្តតាកែវ ជាដើម។ ចំពោះមុខទំនិញខ្លះ ក៏មានការនាំចូលពីប្រទេសចិន និងវៀតណាមផងដែរ។

ចំពោះដំណើរការលក់ដូរនៅផ្សារបឹងកេងកងគណៈគ្រប់គ្រងផ្សារ បានចុះត្រួតពិនិត្យការលក់ដូរជាប្រចាំថ្ងៃ ទាំងប្រភពនាំចូល ក៏ដូចជាបញ្ហាតម្លៃមិនឱ្យមានការលក់លើសតម្លៃទីផ្សារឡើយ។ លោក ឯក និមល ប្រធានគណៈគ្រប់គ្រងផ្សារបឹងកេងកងលើកឡើងថា ការត្រួតពិនិត្យជាប្រចាំថ្ងៃនេះជាភាពចាំបាច់ ពីព្រោះផ្សារបានរៀបចំតារាងតម្លៃមុខទំនិញជាប្រចាំថ្ងៃ សម្រាប់បញ្ជូនទៅក្រសួង។ លោកក៏អរគុណដល់អាជីវករផ្សារ ដែលមានកិច្ចសហការល្អមិនឆ្លៀតឱកាសកេងចំណេញក្នុងកាលៈទេសៈនេះ។

អ្នកលក់ដូរនៅតាមផ្សារ ក៏ដូចជាអ្នកគ្រប់គ្រងផ្សារចាត់ទុកថា ការបិទការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ បច្ចុប្បន្នបានក្លាយជាឱកាស សម្រាប់ការជំរុញការលក់ផលិតផលកសិផលក្នុងស្រុកទៅវិញ៕ អត្ថបទ៖ គឹមហុក




