ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ រួមជាមួយនឹងការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក និងការសងសឹករបស់ទីក្រុងតេអេរ៉ង់ បានបន្តរំខានយ៉ាងខ្លាំងដល់ការធ្វើដំណើរជុំវិញពិភពលោក បើទោះបីជាប្រទេសមជ្ឈិមបូព៌ាមួយចំនួននិយាយថា ដែនអាកាសរបស់ពួកគេឥឡូវនេះបានបើកឡើងវិញ បន្ទាប់ពីមានបទឈប់បាញ់ដ៏ផុយស្រួយមួយក៏ដោយ។

ការពន្យារពេល ការផ្អាក និងការលុបចោលដោយក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបន្តនៅថ្ងៃអង្គារ (២៤ មិថុនា) បន្ទាប់ពីអ៊ីរ៉ង់ បើកការវាយប្រហារមីស៊ីលលើកងកម្លាំងអាមេរិក នៅឯមូលដ្ឋានទ័ពអាកាស Al Udeid របស់ប្រទេសកាតា កាលពីថ្ងៃចន្ទ សងសឹកចំពោះការវាយប្រហាររបស់អាមេរិក កាលពីថ្ងៃអាទិត្យ នៅទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣។
បន្ទាប់ពីនោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់រវាងទីក្រុងតេអេរ៉ង់ និងអ៊ីស្រាអែលនៅយប់ថ្ងៃចន្ទ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅតែបញ្ឈប់ប្រតិបត្តិការលើផ្លូវហោះហើរដែលជ្រើសរើសរួចនៅពាក់កណ្តាលសប្តាហ៍នេះ ដោយលើកឡើងពីកង្វល់សុវត្ថិភាព។
ក្រុមហ៊ុនអាកាសចរណ៍ Emirates មានមូលដ្ឋាននៅទីក្រុងឌុយបៃ បានផ្អាកជើងហោះហើរទាំងអស់ទៅកាន់អ៊ីរ៉ង់ និងអ៊ីរ៉ាក់ រួមទាំងសេវាដែលបម្រើដល់ទីក្រុងបាកដាដ និងបាស្រា (Basra) រហូតដល់ថ្ងៃទី៣០ ខែមិថុនា។ ក្រុមហ៊ុនអាកាសចរណ៍ Gulf Air នៃព្រះរាជាណាចក្របារ៉ែន បានបន្តការលុបចោលជើងហោះហើរដែលបានគ្រោងទុកទៅកាន់ហ្សកដានី រហូតដល់ថ្ងៃទី២៧ ខែមិថុនា។
ទិន្នន័យតាមដានផ្លូវអាកាសពី FlightAware បានបង្ហាញការលុបចោលជើងហោះហើរចំនួន ៣៨២ជើង នៅទូទាំងពិភពលោក ក្រោយម៉ោងក្នុងតំបន់ ១០:៣០នាទីព្រឹក នៅថ្ងៃអង្គារ បន្ទាប់ពីការលុបចោលចំនួន ៨៣៤ជើង ដែលបានឃើញកាលពីថ្ងៃចន្ទ៕

