លោក Steve Witkoff ប្រេសិតពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា និយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងកិច្ចពិភាក្សារួចហើយអំពីការបន្តកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានផ្អាកបន្ទាប់ពីប្រតិបត្តិការយោធាអ៊ីស្រាអែល លើសាធារណរដ្ឋអ៊ិស្លាមមួយនេះ។

លោក Witkoff និយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងពិភាក្សាដោយផ្ទាល់ និងតាមរយៈអន្តរការីអំពីការត្រលប់ទៅតុចរចាវិញ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ បានបញ្ចប់នៅក្នុងបទឈប់បាញ់ដ៏ផុយស្រួយមួយដែលលោក Trump បានជួយសម្របសម្រួល។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក Witkoff បាននិយាយថា "ការសន្ទនាកំពុងមានភាពល្អប្រសើរ ហើយអាមេរិក មានសង្ឃឹមលើរឿងនេះ។ ដល់ពេលហើយដែលត្រូវអង្គុយតុចរចាជាមួយភាគីអ៊ីរ៉ង់ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយមួយ”។

គួរឱ្យដឹងថា អាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចចរចានុយក្លេអ៊ែរជាច្រើនជុំមកហើយ ដោយកិច្ចពិភាក្សាជុំទី៥ ចុងក្រោយបង្អស់ ធ្វើឡើងនៅថ្ងៃទី២៣ ឧសភា នៅទីក្រុងរ៉ូម ដោយពុំមានការទម្លាយភាពជាប់គាំងអ្វីទេ ប៉ុន្តែភាគីទាំងពីរបានយល់ព្រមបន្តការពិភាក្សាទៀត។ ជុំបន្ទាប់លើកទី៦ នៃកិច្ចចរចានុយក្លេអ៊ែរ គ្រោងធ្វើនៅថ្ងៃអាទិត្យ ១៥ មិថុនា ក្នុងទីក្រុង Muscat របស់អូម៉ង់ ប៉ុន្តែត្រូវបានលុបចោលវិញដោយសារជម្លោះនាពេលថ្មីៗនេះ៕