ស្របពេលមានរបាយការណ៍នៃការបន្តការបាញ់ប្រហារយ៉ាងសាហាវទៅលើពលរដ្ឋហ្កាហ្សាដែលកំពុងស្វែងរកជំនួយនោះ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ប្រសិនបើការបិទលំហូរចូលប្រេងឥន្ធនៈនៅហ្កាហ្សានៅតែបន្ត មនុស្សកាន់តែច្រើនរួមទាំងកុមារនឹងស្លាប់។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មនុស្សនៅតែបន្តស្លាប់ ឬរងរបួស ក្នុងជម្លោះនៅដែនដីហ្កាហ្សា រួមទាំងរបាយការណ៍នៃមនុស្សដែលត្រូវបានបាញ់នៅជិតកន្លែងចែកចាយជំនួយយោធាដែលមិនមែនជារបស់អង្គការសហប្រជាជាតិ ឬនៅលើផ្លូវនានា ដែលក្រុមអាជ្ញាធរអ៊ីស្រាអែល ដាក់កំហិតសម្រាប់ស្ថាប័នពិភពលោកនេះ ដើម្បីប្រមូលរថយន្តសង្គ្រោះដែលដឹកជំនួយ។
អង្គការ OCHA បាននិយាយថា ក្រុមអាជ្ញាធរអ៊ីស្រាអែលត្រូវតែអនុញ្ញាតឱ្យការដឹកជញ្ជូនប្រេងឥន្ធនៈក្នុងបរិមាណគ្រប់គ្រាន់ ចូលទៅក្នុង និងទូទាំងតំបន់ហ្កាហ្សា រួមទាំងទៅភាគខាងជើង។ប្រសិនបើប្រតិបត្តិការសង្គ្រោះជីវិតទាំងនេះត្រូវបិទ នោះមនុស្សនឹងស្លាប់កាន់តែច្រើន។
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានរាយការណ៍កាលពីសប្តាហ៍មុនថា ប្រសិនបើការបិទផ្លូវលើសពី១០០ថ្ងៃ នាពេលបច្ចុប្បន្នលើការដឹកជញ្ជូនប្រេងឥន្ធនៈ និងទឹកចូលហ្កាហ្សានៅតែបន្តទៀត នោះ កុមារនឹងចាប់ផ្តើមស្លាប់ដោយសារស្រេកទឹក។
ប្រេងឥន្ធនៈគឺចាំបាច់សម្រាប់ផលិត ព្យាបាល និងចែកចាយទឹក ដល់ប្រជាជនប៉ាឡេស្ទីនជាង ២ លាននាក់នៅក្នុងតំបន់ហ្កាហ្សា។
អង្គការយូនីសេហ្វ (UNICEF) បាននិយាយថា ចំនួនកុមារដែលបានទទួលការព្យាបាលជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបានកើនឡើងជិត ៥០ភាគរយក្នុងខែឧសភា បើធៀបនឹងខែមេសាកន្លងទៅ ដោយបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់ទឹកក្នុងតំបន់នេះ ខណៈប្រព័ន្ធផលិតទឹកបានរងការបំផ្លិចបំផ្លាញ៕


