ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា ការផលិតទ្រង់ទ្រាយធំនៃប្រព័ន្ធមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមចុងក្រោយរបស់រុស្ស៊ីកំពុងដំណើរការ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឱ្យបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី ដើម្បីរារាំងការផលិតរបស់ប្រទេសនេះ។

លោកPutin តាមសេចក្តីរាយការណ៍បាននិយាយដូច្នេះនៅក្នុងសុន្ទរកថារបស់លោកទៅកាន់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យយោធា។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ី បានដកស្រង់សម្តីលោកដោយនិយាយថា «ការផលិតបរិមាណដ៏ច្រើននៃប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមថ្មីបំផុត Oreshnik ដែលបង្ហាញពីស្ថានភាពប្រយុទ្ធយ៉ាងល្អ កំពុងត្រូវបានចាប់ផ្តើម»។
ប្រទេសរុស្ស៊ី បានប្រើប្រាស់មីស៊ីល Oreshnik ជាលើកដំបូងក្នុងការប្រយុទ្ធ នៅពេលដែលប្រទេសនេះវាយប្រហារទីក្រុង Dnipro ភាគខាងកើតអ៊ុយក្រែន កាលពីខែវិច្ឆិកាឆ្នាំមុន។ ទីភ្នាក់ងារចារកម្មការពារជាតិរបស់អ៊ុយក្រែន និយាយថា ការវិភាគរបស់ខ្លួនបង្ហាញថា ល្បឿនអតិបរមារបស់មីស៊ីលនេះលើសពី ១៣.០០០គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រសិនបើរុស្ស៊ីជំរុញការផលិតទ្រង់ទ្រាយធំ ហើយការប្រើប្រាស់កើនឡើង វានឹងពិបាកសម្រាប់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនក្នុងការបញ្ឈប់មីស៊ីល។

លោក Zelenskyy បានអំពាវនាវឱ្យមានការអនុវត្តទណ្ឌកម្មកាន់តែទូលំទូលាយនៅក្នុងការបង្ហោះតាមបណ្តាញផ្សព្វផ្សាយសង្គមរបស់លោក ដោយនិយាយថាសម្ពាធត្រូវតែបានអនុវត្តចំពោះ «អ្នកទាំងឡាយដែលពាក់ព័ន្ធទៅនឹងការផលិតមីស៊ីល Oreshnik ។