ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ កាលពីថ្ងៃចន្ទ (២៣ មិថុនា) បានសម្រេចចិត្តស៊ើបអង្កេតបឋមមួយលើរឿងនយោបាយដ៏ចម្រូងចម្រាសរបស់នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ជុំវិញជម្លោះផ្ទៃក្នុង នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខណៈដែលគូប្រជែងរបស់លោកស្រីស្វះស្វែងរកដំណោះស្រាយផ្លូវច្បាប់ដើម្បីបង្ខំឱ្យនាយករដ្ឋមន្រ្តីថៃរូបនេះត្រូវបណ្តេញចេញពីតំណែង នៅក្នុងការសាកល្បងផ្លូវច្បាប់ដ៏ធំ។

របាយការណ៍និយាយថា អ្នកដាក់ញត្តិស៊ើបអង្កេតនេះចង់ឱ្យទីភ្នាក់ងារកំណត់ថាតើនាយករដ្ឋមន្ត្រីថៃ បានប្រព្រឹត្តអំពើពុករលួយ ដោយការមានចេតនាបំពានរដ្ឋធម្មនុញ្ញ ឬច្បាប់ ឬបំពានក៏យ៉ាងធ្ងន់ធ្ងរលើស្តង់ដារសីលធម៌ ឬយ៉ាងណា។ តុលាការធម្មនុញ្ញគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី០១ ខែកក្កដា ហើយទំនងជានឹងពិចារណាលើសំណើស្រដៀងគ្នានេះ ដែលចោទសួរថាតើលោកស្រី Paetongtarn គួរតែត្រូវបានដកចេញពីតំណែងដោយសារការបំពានក្រមសីលធម៌ដែរឬទេ។

រដ្ឋាភិបាលប្រទេសនេះបានប្រឈមមុខនឹងការដួលរលំរួចទៅហើយ បន្ទាប់ពីគណបក្សធំទីពីរនៅក្នុងរដ្ឋាភិបាលគឺបក្ស ភូមចៃថៃ (Bhumjaithai) បានចាកចេញពីក្រុមចម្រុះ កាលពីសប្តាហ៍មុន ដោយធ្វើឱ្យរដ្ឋាភិបាលចម្រុះកំពុងកាន់អំណាច នៅសល់តែសំឡេងសភាតិចតួចប៉ុណ្ណោះ។
ប្រទេសថៃ បានមើលឃើញអតីតមេដឹកនាំជាច្រើនរូបត្រូវបណ្តេញចេញពីតំណែងដោយដីកាតុលាការ ឬតាមរយៈរដ្ឋប្រហារយោធា។ រលកបញ្ហាប្រឈមផ្លូវច្បាប់ ជម្លោះផ្ទៃក្នុង ភាពចម្រូងចម្រាសក្នុងសង្គម និងការគំរាមកំហែងតវ៉ាជាសាធារណៈថ្មីៗជាច្រើន អាចធ្វើអោយអារម្មណ៍វិនិយោគិនធ្លាក់ចុះខ្លាំងចំពោះទ្រព្យសម្បត្តិរបស់ថៃ ដែលស្ថិតនៅក្រោមសម្ពាធរួចទៅហើយពីការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចទាបបំផុត ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩មក៕
