បាល់ទាត់៖ លោក Tatsuma Yoshida ប្រកាសចុះចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរី បីថ្ងៃបន្ទាប់ពីក្រុមធ្លាក់ចេញពីការប្រកួតបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ ២០២០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

យោងតាមសេចក្តីថ្លែងការណ៍ពីសមាគមបាល់ទាត់សិង្ហបុរីកាលពីថ្ងៃអង្គារ៍បញ្ជាក់ថា លោក Yoshida ចាកចេញទៅកាន់ប្រទេសកំណើតជប៉ុន និងនៅជាមួយក្រុមគ្រួសារកំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩។ លោក Yoshida វ័យ ៤៧ឆ្នាំដែលដឹកនាំជម្រើសជាតិសិង្ហបុរី នាខែឧសភា ឆ្នាំ២០១៩ មានកិច្ចសន្យារហូតដល់ចុងឆ្នាំ២០២២។ មុនចាកចេញលោក Yoshida និយាយថា ទោះបីជាលោកទៅកាន់ប្រទេសកំណើតក៏ពិតមែន តែសិង្ហបុរីដូចជាផ្ទះទី២ របស់លោក។ យោងប្រភពព័ត៌មាន គ្រូបង្វឹករូបនេះត្រូវគេរំពឹងថានឹងអាចដឹកនាំក្លិបមួយនៅប្រទេសកំណើតរបស់លោក៕
អត្ថបទ៖ គង់ ហួន