ឧត្តរមានជ័យ៖ ពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរក្នុងផ្សារឆុងចម ស្រុកកាប់ជើង ខេត្តសុរិន្ទប្រទេសថៃ និងប្រជាពលរដ្ឋថៃ ដែលជាអាជីវករទិញដំឡូងមី នៅកម្ពុជា ត្រូវបានសមត្ថកិច្ច កម្ពុជា-ថៃ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ឯកភាពគ្នាបើកច្រកទ្វារព្រំដែនឲ្យចេញ-ចូល រយៈពេលប្រមាណ ៣០នាទីដើម្បីសម្រួលឱ្យពួកគាត់បានឆ្លងកាត់ ទៅមកប្រទេសរៀងៗខ្លួនក្នុងន័យមនុស្សធម៌ នាព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៥នេះ។

លោក ឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ បានឱ្យដឹង ដោយបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ សមត្ថកិច្ច កម្ពុជា-ថៃ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានឯកភាពគ្នាបើកច្រករយៈពេលប្រមាណ៣០នាទី ជូនប្រជាពលរដ្ឋទាំងសងខាងបានឆ្លងកាត់ចេញ-ចូលប្រទេសរៀងៗខ្លួនមានរយៈពេល៣០នាទី។
លោកបានបញ្ជាក់ថា មូលហេតុដែលសមត្ថកិច្ច កម្ពុជា-ថៃ ឯកភាពគ្នាសម្របសម្រួលបើកច្រកទ្វារព្រំដែនរយះពេលខ្លីជូនប្រជាពលរដ្ឋបានឆ្លងកាត់ ដោយសារថ្ងៃបើកច្រកម្សិលមិញ ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរក្នុងផ្សារចុងចោម ស្រុកកាប់ជើង ខេត្តសុរិន្ទប្រទេសថៃ បានចូលទៅលក់ដូរក្នុងផ្សារថៃដូចធម្មតា។ ចំណែកពលរដ្ឋថៃ បានបើករថយន្តប្រមាណ១០គ្រឿង ចូលមកដឹកដំឡូងនៅខេត្តឧត្តរមានជ័យដូចធម្មតាដែរ លុះដល់ពេលកំណត់ម៉ោងបិទច្រកធ្វើឱ្យពួកគាត់មិនអាចឆ្លងកាត់មកប្រទេសរៀងៗខ្លួនបានទាន់នោះទេ បញ្ហានេះហើយទើបភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាឱ្យពលរដ្ឋបានឆ្លងកាត់ចេញ-ចូលប្រទេសរៀងៗខ្លួនរយៈពេលខ្លី។
លោកបានបន្តថា ទាក់ទងនឹងការបើក-បិទ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បើមិនមានគោលការណ៍ណែនាំថ្មីទេ ភាគីកម្ពុជានៅបន្តអនុវត្តគោលការណ៍ចាស់ដដែលបន្ទាប់ពីថៃបិទ និងបើកច្រកទ្វាររយៈពេល៣ថ្ងៃជាឯកតោភាគី ពីភាគីថៃ គឺក្នុង១សប្តាហ៍ចំនួន៣ថ្ងៃ គីថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ពីម៉ោង ៩.០០នាទីព្រឹក រហូតដល់ម៉ោង ៣.០០រសៀលដដែល។ ទោះបីជាខាងភាគីថៃទាហានយោធភូមិភាគ២ថៃ ប្រកាសបើកច្រកជាធម្មតាឡើងវិញក៏ដោយ ប៉ុន្តែការបើកច្រកឡើងវិញនេះភាគីថៃបែរជាអ្នករឹតបន្តឹង និងហាមមិនឲ្យមនុស្ស រថយន្ត ទេសចរណ៍ រថយន្តដឹកទំនិញ ឆ្លងកាត់ទៅវិញ ដោយយោងលើសភាពការណ៍សន្តិសុខព្រំដែន ដោយអនុញ្ញាតឲ្យចូលតែអ្នកជំងឺសង្គ្រោះបន្ទាន់ និងសិស្សសាលាតែប៉ុណ្ណោះ។
ប៉ុន្តែសម្រាប់ភាគីកម្ពុជាអ្វីៗប្រែប្រួលយ៉ាងណានោះគឺយើងនៅតែរង់ចាំគោលការណ៍ថ្មីពីថ្នាក់លើដើម្បីអនុវត្តបន្តគ្រប់ពេលវេលា៕ អត្ថបទ៖ ឃិន សារិទ្ធ