ប្រទេសចិន និងតំបន់តៃវ៉ាន់ បានប៉ះទង្គិចគ្នាជុំវិញការបកស្រាយប្រវតិ្តសាស្រ្តដ៏ប្រកួតប្រជែងរបស់ពួកគេ នៅក្នុងសង្គ្រាមពាក្យសម្តីដែលកាន់តែខ្លាំងឡើងលើអ្វីដែលទីក្រុងប៉េកាំង ចាត់ទុកថាជាការញុះញង់របស់រដ្ឋាភិបាលកោះតៃវ៉ាន់ ហើយបានប្រាប់កោះស្វ័យគ្រប់គ្រងនេះថា មិនអាចទៅរួចទេក្នុងការ "ក្រសោបយក" នូវអ្វីដែលជាទឹកដីរបស់ចិន រួចទៅហើយនោះ។

ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ប្រទេសចិន មានការមិនពេញចិត្តជាពិសេសចំពោះមេដឹកនាំកោះគឺលោក Lai Ching-te ដោយហៅលោកថាជា "ជនផ្ដាច់ខ្លួន"។
ថ្លែងនៅថ្ងៃពុធ (២៥ មិថុនា) នេះក្នុងសន្និសីទព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំង អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ លោកស្រី Zhu Fenglian បាននិយាយថា "ការបង្កហេតុឯករាជ្យ" ណាមួយពីលោក Lai និងរដ្ឋបាលរបស់លោក នឹងប្រឈមនឹង "វិធានការតបតយ៉ាងម៉ឺងម៉ាត់" ពីទីក្រុងប៉េកាំង។
លោកស្រីសង្កត់ធ្ងន់ថា “ទោះបីជាភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់មិនទាន់ត្រូវបានបង្រួបបង្រួមពេញលេញក៏ដោយ ប៉ុន្តែមានការពិតជាប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ ដែលថាជនរួមជាតិទាំងសងខាងជារបស់ចិនតែមួយ ហើយជនរួមជាតិរបស់ភាគីទាំងពីរគឺជាជនជាតិចិន មិនដែលផ្លាស់ប្តូរឡើយ”។
នៅពេលត្រូវសាកសួរពីការអត្ថាធិប្បាយរបស់អាមេរិកលើសមយុទ្ធរបស់ចិន ដែលពង្រឹងការត្រៀមខ្លួនសម្រាប់ការវាយក្រសោបកោះ លោកស្រី Zhu បានកែតម្រូវអ្នកយកព័ត៌មាន ដោយនិយាយថា៖ តំបន់តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិនរួចទៅហើយ ដូចនេះមិនមានការក្រសោបយកទឹកដីដែលជារបស់ខ្លួនឯងនោះទេ"៕

