សហភាពអឺរ៉ុប គ្រោងនឹងដាក់ពន្ធសងសឹកលើការនាំចូលរបស់សហរដ្ឋអាមេរិក រួមទាំងយន្តហោះ Boeing Co. ប្រសិនបើលោកប្រធានាធិបតី Donald Trump នៅតែបន្តយកពន្ធមូលដ្ឋាន ១០% លើទំនិញរបស់ប្លុក ដូចដែលមនុស្សជាច្រើនបានរំពឹងទុក។

ក្រុមមន្ត្រីសហភាពអឺរ៉ុបរំពឹងថា អាមេរិកនឹងរក្សាពន្ធកាតព្វកិច្ចមួយចំនួនឱ្យនៅដដែល ទោះជាបន្ទាប់ពីការចរចាពាណិជ្ជកម្មត្រូវបានបញ្ចប់ក៏ដោយ។ រហូតដល់ពេលនេះ គណៈកម្មការអឺរ៉ុប ដែលដោះស្រាយបញ្ហាពាណិជ្ជកម្មសម្រាប់ប្លុកអឺរ៉ុប មិនបានបញ្ជាក់ថាតើខ្លួននឹងសងសឹកពិតមែន ឬក៏អត់នោះទេ។
ប្រធានផ្នែកឧស្សាហកម្មរបស់ EU លោក Stephane Sejourne បានប្រាប់សារព័ត៌មាន Bloomberg News ថា "អឺរ៉ុបនឹងត្រូវសងសឹក ហើយនិងធ្វើឱ្យមានតុល្យភាពឡើងវិញនៅក្នុងវិស័យសំខាន់ៗមួយចំនួន ប្រសិនបើអាមេរិក ទទូចលើកិច្ចព្រមព្រៀងមិនស៊ីមេទ្រីណាមួយ" ។
សហភាពអឺរ៉ុប កំពុងប្រញាប់ធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន មុនពេលពន្ធលើការនាំចេញស្ទើរតែទាំងអស់របស់ខ្លួនទៅកាន់អាមេរិក កើនឡើងដល់ ៥០% នៅថ្ងៃកំណត់ទី០៩ខែកក្កដា។ អឺរ៉ុបកំពុងរៀបចំពន្ធសងសឹកលើផលិតផលអាមេរិកចំនួន ១១៦ពាន់លានដុល្លារ ជាការឆ្លើយតបទៅនឹងការយកពន្ធរបស់អាមេរិក ប្រសិនបើកិច្ចព្រមព្រៀងមិនស្មើភាព។
គួរឱ្យដឹងថា ប្លុកអឺរ៉ុបបានអនុម័តរួចទៅហើយនូវពន្ធលើទំនិញអាមេរិកចំនួន ២១ពាន់លានអឺរ៉ូ ដែលអាចត្រូវបានអនុវត្តយ៉ាងឆាប់រហ័សក្នុងការឆ្លើយតបទៅនឹងការយកពន្ធរបស់លោក Trump ដែលបានដាក់លើការនាំចេញអាលុយមីញ៉ូម និងដែកថែបអឺរ៉ុប៕

