និយតករសុវត្ថិភាពអាកាសចរណ៍របស់ឥណ្ឌា បានរកឃើញភាពយឺតយ៉ាវធ្វេសប្រហែសជាច្រើនករណីនៃការថែទាំយន្តហោះ នៅក្នុងការធ្វើសវនកម្មលើក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាននានា បន្ទាប់ពីសោកនាដកម្មធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Air India ជើងហោះហើរលេខ AI171 នៅដើមខែមិថុនានេះ រួមទាំងបញ្ហាកើតឡើងដដែលៗ លើការត្រួតពិនិត្យ និងការកែតម្រូវមិនគ្រប់គ្រាន់។

អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល (DGCA) ក៏រកឃើញឧបករណ៍គ្រប់គ្រងលើដីដែលមិនអាចប្រើការបានដូចជា រទេះដាក់ឥវ៉ាន់ នៅក្នុងការឃ្លាំមើលព្រលានយន្តហោះនៅទីក្រុង New Delhi និង Mumbai ក៏ដូចជាដំណើរការថែទាំមានបញ្ហា រួមមានការគ្រប់គ្រងឧបករណ៍ និងការណែនាំអំពីការងារដែលមិនត្រូវបានអនុវត្ត។
និយតករបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "ការរកឃើញទាំងអស់ដែលត្រូវបានសង្កេតឃើញអំឡុងពេលតាមដាន ត្រូវបានទាក់ទងទៅប្រតិបត្តិករដែលពាក់ព័ន្ធរួចហើយ សម្រាប់ការចាត់វិធានការកែតម្រូវចាំបាច់ក្នុងពេលប្រាំពីរថ្ងៃបន្ទាប់"។
ការរកឃើញទាំងនេះបានបង្ហាញពីវប្បធម៌សុវត្ថិភាពអាកាសចរណ៍ ដែលតាមមិនទាន់កំណើនឆាប់រហ័សរបស់ឧស្សាហកម្មឥណ្ឌា។ ក្នុងចំណោមការបរាជ័យទាំងនោះរួមមាន វិស្វករថែទាំយន្តហោះបានព្រងើយកន្តើយនឹងការប្រុងប្រយ័ត្នសុវត្ថិភាព ហើយការរាយការណ៍ពីបញ្ហាត្រូវកែតម្រូវ និងកំហុសបង្កើតដោយប្រព័ន្ធយន្តហោះ មិនត្រូវបានកត់ត្រាទុកក្នុងសៀវភៅកំណត់ហេតុបច្ចេកទេសនោះទេ៕

