បន្ទាប់ពីបទឈប់បាញ់ដែលអាមេរិកសម្របសម្រួលរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ (២៤ មិថុនា) ក្រុមគ្រួសារចំណាប់ថ្នូរទាំងនៅក្នុងអ៊ីស្រាអែល និងនៅបរទេស បានអំពាវនាវឱ្យមានការផ្តោតជាថ្មីលើសង្រ្គាមនៅតំបន់ហ្កាហ្សា ដោយទាមទារឱ្យមានការវិលត្រឡប់របស់ចំណាប់ថ្នូរសេសសល់ក្នុងដៃក្រុមហាម៉ាស ស្របពេលប្រទេសកាតា និយាយថា ខ្លួនកំពុងធ្វើការដើម្បីបន្តកិច្ចចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

បទឈប់បាញ់ដែលប្រកាសដោយលោកប្រធានាធិបតីអាមេរិក Donald Trump នោះមានបំណងបញ្ចប់ការប្រយុទ្ធគ្នា ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ប៉ុន្តែទន្ទឹមនឹងនេះ សង្រ្គាមនៅតែបន្តផ្ទុះឡើងក្នុងដែនដីហ្កាហ្សា។ ក្រុមភេរវករហាម៉ាស នៅតែបន្តចាប់ចំណាប់ថ្នូរ ៥០នាក់ ដែលក្នុងនោះយ៉ាងហោចណាស់ ២០នាក់ត្រូវគេជឿថានៅមានជីវិត រយៈពេល ២០ខែបន្ទាប់ពីក្រុមដែលអ៊ីរ៉ង់គាំទ្រមួយនេះ បានបញ្ឆេះសង្រ្គាមនៅថ្ងៃទី០៧ តុលា ២០២៣ ជាមួយនឹងការវាយលុកឆ្លងព្រំដែនទៅភាគខាងត្បូងអ៊ីស្រាអែល។
វេទិកាចំណាប់ថ្នូរ និងគ្រួសារអ្នកបាត់ខ្លួន ដែលតំណាងឱ្យសាច់ញាតិនៃអ្នកជាប់ឃុំ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលថ្ងៃអង្គារថា កិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ត្រូវតែពង្រីកដើម្បីរួមបញ្ចូលដាក់តំបន់ហ្កាហ្សា។ ក្រុមនេះអំពាវនាវឱ្យដ្ឋាភិបាលអ៊ីស្រាអែល រៀបចំកិច្ចពិភាក្សាមួយដែលនឹងនាំឱ្យមានការវិលត្រឡប់មកវិញនៃចំណាប់ថ្នូរទាំងអស់និងការបញ្ចប់សង្គ្រាម។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich សមាជិកគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជាថ្មីលើតំបន់ហ្កាហ្សា និងការវិលត្រឡប់របស់ចំណាប់ថ្នូរផងដែរ – ប៉ុន្តែមិនមែនជាការបញ្ចប់សង្គ្រាមនោះទេ៕

