អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាជាផ្លូវការឱ្យបញ្ចប់ការរឹតបន្តឹងការធ្វើដំណើរលើបណ្ដាប្រទេសចំនួន ៨ នៅតំបន់អាហ្វ្រិកខាងត្បូងដែលបានដាក់កាលពីខែមុន ដើម្បីពន្យឺតការឆ្លងរាលដាលនៃវីរុសកូរ៉ូណាបម្លែងខ្លួនថ្មី Omicron ដោយនិយាយថា ការទប់ស្កាត់នេះគឺមិនចាំបាច់ទៀតទេដើម្បីការពារសុខភាពសាធារណៈ។

លោក Biden បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃអង្គារ ដោយលុបចោលការរឹតត្បិតលើការធ្វើដំណើរចូលសហរដ្ឋអាមេរិកពីអាហ្វ្រិកខាងត្បូង បូតស្វាណា ហ្ស៊ីមបាបវ៉េ ណាមីប៊ី ឡេសូតូ អេស្វាទីនី ម៉ូសំប៊ិក និងម៉ាឡាវី។ ការហាមប្រាមនេះនឹងត្រូវបានដកចេញនៅម៉ោង ១២:០១នាទីព្រឹកថ្ងៃសុក្រម៉ោងនៅសហរដ្ឋអាមេរិក។ រដ្ឋបាលលោក Biden បានប្រកាសពីចេតនារបស់ខ្លួនក្នុងការលុបចោលការរឹតត្បិតការធ្វើដំណើរកាលពីចុងសប្តាហ៍មុន ខណៈដែលមន្ត្រីសុខាភិបាលបានប្រកាសថា វីរុសបម្លែងខ្លួនថ្មី Omicron បានក្លាយជាប្រភេទវីរុសដ៏មានឥទ្ធិពលនៅក្នុងប្រទេស។
លោក Biden បាននិយាយនៅក្នុងក្រឹត្យកាលពីថ្ងៃអង្គារថា អ្នកជំនាញវិទ្យាសាស្ត្រល្បីៗបានកំណត់ថា អ្នកដែលត្រូវបានចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 ត្រូវបានការពារពីជំងឺធ្ងន់ធ្ងរ និងកាត់បន្ថយចំនួនអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យ ដោយសារវីរុសបម្លែងខ្លួនថ្មី Omicron។ លើសពីនេះវីរុសបម្លែងខ្លួនថ្មី Omicron ឥឡូវនេះបានរីករាលដាលដល់ជាង ១០០ប្រទេស ហើយវីរុសនេះកំពុងឆ្លងរាលដាលនៅក្នុងសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន