ប្រជាជនកេនយ៉ាត្រូវបានគេរំពឹងថា នឹងនាំគ្នាចេញមកតាមដងផ្លូវក្នុងចំនួនដ៏ច្រើន នៅថ្ងៃពុធ (ទី២៥ ខែមិថុនា) នេះ ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលបានឈានដល់ការសម្រុកចូលក្នុងអគាររដ្ឋសភា និងការស្លាប់ជាច្រើន ខណៈដែលនគរបាលបានបើកការបាញ់ប្រហារទៅលើបាតុករ។
គួរបញ្ជាក់ថា បើទោះបីជាការតវ៉ានៅទីបំផុត បានស្ងប់ទៅវិញ បន្ទាប់ពីប្រធានាធិបតី លោក William Ruto បានដកសំណើដំឡើងពន្ធដែលបានជំរុញឲ្យមានការប្រមូលផ្តុំគ្នាជាលើកដំបូងក៏ដោយ ក៏កំហឹងសាធារណៈ ចំពោះការប្រើប្រាស់កម្លាំងដោយភ្នាក់ងារសន្តិសុខ មិនទាន់បានធូរស្រាលនៅឡើយទេ ដោយមានបាតុកម្មថ្មីផ្ទុះឡើងក្នុងខែនេះ ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកសរសេរប្លុក នៅក្នុងមន្ទីរឃុំឃាំងរបស់នគរបាល។
មនុស្ស ៦នាក់ ក្នុងនោះរួមមានទាំងមន្ត្រីនគរបាល ៣នាក់ផងដែរ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកាលពីថ្ងៃអង្គារ ជុំវិញការសម្លាប់របស់អ្នកសរសេរប្លុក និងជាគ្រូបង្រៀនអាយុ ៣១ឆ្នាំ ឈ្មោះ Albert Ojwang។ តែជនជាប់ចោទទាំងអស់ បានផ្ដល់ចម្លើយពីភាពគ្មានទោស។

ការស្លាប់របស់លោក Ojwang បានទាក់ទាញឲ្យមានការតវ៉ាពីប្រជាជនកេនយ៉ាដែលនៅតែកាន់ទុក្ខ ចំពោះការបាត់បង់ជីវិតរបស់មនុស្សជាង ៦០នាក់ ដែលត្រូវបានសម្លាប់ អំឡុងបាតុកម្មកាលពីឆ្នាំមុន និងដែលបានដាក់ការទទួលខុសត្រូវលើកងកម្លាំងសន្តិសុខ ពាក់ព័ន្ធនឹងការស្លាប់ និងរងរបួស ក៏ដូចជាការចាប់ពង្រត់រាប់សិបនាក់យ៉ាងអាថ៌កំបាំង។
ប្រភពនគរបាលបានប្រាប់សារព័ត៌មាន Reuters ថា វត្តមានសន្តិសុខដ៏ច្រើននឹងត្រូវដាក់ពង្រាយ ជុំវិញទីក្រុងណៃរ៉ូប៊ី ជាពិសេស នៅជិតការិយាល័យប្រធានាធិបតី សភា និងតំបន់ពាណិជ្ជកម្មសំខាន់ៗ។ នៅក្នុងការប្រកាសកាលថ្ងៃអង្គារលើបណ្ដាញសង្គម X ក្រសួងមហាផ្ទៃ បានព្រមានក្រុមបាតុករកុំឲ្យ «បង្កបញ្ហាដល់នគរបាល» ឬ «ប៉ុនប៉ងរំលោភលើតំបន់ការពារ»៕


