អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីថ្ងៃអង្គារ (ទី២៤ ខែមិថុនា) បានលើកឡើងថា «ពេលវេលាបានមកដល់ហើយ» សម្រាប់បទឈប់បាញ់ នៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។
អំឡុងពេលថ្លែងទៅកាន់សភា លោក Merz បានរំលឹកឡើងវិញនូវការគាំទ្ររបស់អាល្លឺម៉ង់ ចំពោះអ៊ីស្រាអែល ដែលលោកបានផ្ដល់ហេតុផលថា «មានសិទ្ធិការពារអត្ថិភាព និងសុវត្ថិភាពរបស់ពលរដ្ឋរបស់ខ្លួន»។ ប៉ុន្តែលោកបានបន្ថែមថា ប្រទេសអាល្លឺម៉ង់រក្សាសិទ្ធិចោទសួរអំពីអ្វីដែលអ៊ីស្រាអែលចង់សម្រេចបាននៅតំបន់។

ជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរថា អាល្លឺម៉ង់នឹងមិនពិចារណាព្យួរ ឬបញ្ចប់កិច្ចព្រមព្រៀង EU-Israel Association (កិច្ចព្រមព្រមសមាគមសហភាពអឺរ៉ុប-អ៊ីស្រាអែល) ដែលត្រូវបានត្រួតពិនិត្យដោយ EU ខណៈដែលខ្លួនពិចារណាដល់ការដាក់សម្ពាធលើអ៊ីស្រាអែលឲ្យព្រមអនុញ្ញាតឲ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា។
ទោះជាយ៉ាងណាក្ដី លោក Merz ក៏បានអំពាវនាវផងដែរឲ្យអ៊ីស្រាអែលធានាឲ្យបាននូវ «ការប្រព្រឹត្តប្រកបដោយមនុស្សធម៌ ចំពោះប្រជាជន នៅតំបន់ហ្កាហ្សាស្ទ្រីប ជាពិសេសស្ត្រី កុមារ និងមនុស្សចាស់»៕


