បាល់ទាត់៖ ក្រោយចែកផ្លូវជាមួយកីឡាករសំខាន់ៗជាច្រើន ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានប្រកាសចុះកុងត្រានាំចូលសមាជិកថ្មីដំបូង ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០២២ ខាងមុខហើយគឺខ្សែការពារកណ្ដាលជនជាតិជប៉ុន Soh Narita ដែលផ្ទេរមកពីក្លិប Samut Prakan នៃលីគទី៣ ថៃ។

ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះបានបញ្ជាក់ថា ខ្សែការពារកណ្ដាលវ័យ ២៨ឆ្នាំ Soh Narita ដ្បិតជាជនជាតិជប៉ុន តែរូបគេភាគច្រើនប្រកបអាជីពក្រៅស្រុកដូចជាក្លិប Eastern Suburbs នៅក្របខណ្ឌលីគកំពូលនៃរដ្ឋមួយរបស់ប្រទេសអូស្ដ្រាលី មុនចំណាយពេល ៣ឆ្នាំនៅប្រទេសអាល្លឺម៉ង់ដោយធ្លាប់លេងឲ្យ ៤ក្លិបផ្សេងគ្នារួមមានក្លិប ASV Mettmann, Heiligenhaus, SC Staaken និង Düsseldorf-West នៅក្របខណ្ឌលីគលំដាប់ទី៥ និងទី៦។ ប៉ុន្ដែមុនផ្ទេរមកកាន់ទឹកដីខេត្តសៀមរាបជាមួយក្រុមរហស្សនាមខ្លាទឹកក្រូច Soh Narita គឺបានលេងឲ្យក្លិប Samut Prakan ដោយចំណាយពេល ១រដូវកាលពេញជាមួយក្លិបក្របខណ្ឌលីគទី៣ ថៃនេះ។ ថ្នាក់ដឹកនាំក្រុមអង្គរថាយហ្គឺរបានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះវត្តមានខ្សែការពារជប៉ុនរូបនេះដោយពួកគេរំពឹង និងជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់ Soh Narita នឹងក្លាយជាផ្នែកមួយដ៏សំខាន់ ដើម្បីជួយក្រុមប្រកួតប្រជែងក្នុងពានរង្វាន់នានាក្នុងរដូវកាលឆ្នាំ២០២២ ខាងមុខ។
សូមបញ្ជាក់ថា នេះគឺជាកីឡាករចំណូលថ្មីដំបូងដែលអង្គរថាយហ្គឺរបាននាំចូល បន្ទាប់ពីពួកគេបានចែកផ្លូវជាមួយកីឡាករសំខាន់ៗ ៧រូបជាបន្ដបន្ទាប់កាលពីថ្មីៗដូចជាកីឡាករ ឈង់ ប៊ុនណាត, ឡុង ភារ៉ាត់, ឡុង ម៉េងហេង, ខ្សែប្រយុទ្ធតុងហ្គា Ata Inia, ខ្សែបម្រើជប៉ុន Kosuke Uchida, កីឡាករបេឡារូស Maksim Taleyko និងខ្សែប្រយុទ្ធប្រេស៊ីល Da Cruz រួមទាំងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Orio Mohedano Segura ជាដើម។ បច្ចុប្បន្នអង្គរថាយហ្គឺរកំពុងដឹកនាំដោយគ្រូបង្វឹកថ្មីលោក Alistair Heath អតីតគ្រូបង្វឹកក្រុមយុវជនក្លិប Leicester City ហើយក្រៅពីកីឡាករ Soh Narita គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះក៏កំពុងសម្លឹងរកកីឡាករល្អៗ ទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេសដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មីខាងមុខផងដែរ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕