ប្រជាពលរដ្ឋឥណ្ឌា បានអបអរសាទរការបាញ់បង្ហោះដោយជោគជ័យបេសកកម្ម Axiom-4 (Ax-4) ដែលហោះឡើងជាមួយអវកាសយានិកចម្រុះជាតិសាសន៍ រួមទាំងអវកាសយានិកឥណ្ឌាផងដែរ ។
កាពីទែនក្រុមលោក Shubhanshu Shuklaដែលជាអ្នកបញ្ជាគ្រប់គ្រងបេសកកម្មនេះ បានក្លាយជាជនជាតិឥណ្ឌាលើកទី ២ ធ្វើដំណើរទៅកាន់ទីអវកាស ។
ត្រឹមរយៈពេលជាង ២៦ម៉ោងប៉ុណ្ណោះ ពេលដែលយានអវកាសចូលចតស្ថានីយអវកាសអន្តរជាតិ(ISS) លោកកាពីទែនក្រុម Shukla បានក្លាយជាជនជាតិឥណ្ឌាលើកដំបូងគេពុំធ្លាប់មានពីមុនមក ធ្វើដំណើរទៅកាន់មន្ទីរពិសោធន៍គន្លងតារាវិថីរបស់អង្គការណាសា ។

ការធ្វើដំណើរទៅកាន់ទីអវកាសនេះដែរ បានកើតមានឡើងរយៈពេល ៤១ឆ្នាំ ក្រោយអវកាសយានិក Rakesh Sharma ក្លាយជាជនជាតិឥណ្ឌាលើកដំបូងគេ ធ្វើដំណើរទៅកាន់ទីអវកាសតាមយានចម្លង Soyuz របស់រុស្ស៊ី កាលពីឆ្នាំ ១៩៨៤ ។
ដឹកនាំដោយអតីតអវកាសយានិកអង្គការណាសាលោក Peggy Whitson អវកាសយានិកជើងចាស់ម្នាក់នេះ ដែលបានក្លាយជាមេបញ្ជាការ ២លើកនៅស្ថានីយ ISSនោះ បានចំណាយពេលជាង ៦៧៥ថ្ងៃនៅទីអវកាស និងបានដើរលើលំហរអាកាសចំនួន ១០លើក ។
សូមបញ្ជាក់ថា បេសកកម្ម Ax-4 បានចាកចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការណាសា ស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ២ និង ៣១នាទី ម៉ោងក្នុងស្រុក(ត្រូវនឹងម៉ោង ៦ និង ៣១នាទី ម៉ោងសកាល) ថ្ងៃពុធនេះ ៕
