សារព័ត៌មានរដ្ឋរាយការណ៍ថា វៀតណាមនឹងបញ្ចប់ការដាក់ទោសប្រហារជីវិតសម្រាប់ព្រហ្មទណ្ឌធ្ងន់ធ្ងរចំនួន ៨ប្រភេទ រួមទាំងការលួចបន្លំ ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Vietnam News រាយការណ៍នៅថ្ងៃពុធនេះថា សភាវៀតណាម បានអនុម័តជាឯកច្ឆ័ន្ទនូវវិសោធនកម្មក្រមព្រហ្មទណ្ឌដែលលុបចោលទោសប្រហារជីវិតសម្រាប់បទល្មើសព្រហ្មទណ្ឌចំនួន ៨ប្រភេទ ។
ចាប់ពីខែក្រោយតទៅ ប្រជាពលរដ្ឋលែងប្រឈមទៀតហើយការកាត់ទោសប្រហារជីវិតសម្រាប់ការសូកប៉ាន់ ការលួចបន្លំ ការផលិត និងការជួញដូរឱសថក្លែងក្លាយ ការដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន អំពើចារកម្ម ឧក្រិដ្ឋកម្មបំផ្លាញសន្តិភាព និងបង្កសង្គ្រាម ក៏ដូចជាការបំផ្លិចបំផ្លាញដោយចេតនា និងការព្យាយាមផ្តួលរំលំរដ្ឋាភិបាល ។

ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម រាយការណ៍ថា ទោសអតិបរមាសម្រាប់ករណីព្រហ្មទណ្ឌទាំងអស់នេះ បច្ចុប្បន្ននឹងត្រូវដាក់ពន្ធនាគារអស់មួយជីវិត ។
សេចក្តីរាយការណ៍និយាយទៀតថា អ្នកដែលត្រូវកាត់ទោសប្រហារជីវិតសម្រាប់បទល្មើសដល់ស្លាប់ មុនថ្ងៃទី ១ ខែកក្កដា ប៉ុន្តែមិនទាន់បានប្រហារជីវិត នឹងត្រូវកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ៕
