ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបន្តប្រតិបត្តិការយោធាប្រឆាំងនឹង អ៊ីស្រាអែល រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។
ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយលោក Mohammed al-Bukhaiti ដែលជាសមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហ៊ួទី។
លោក al-Bukhaiti បានសរសេរនៅក្នុងការបង្ហោះរបស់ខ្លួនថា៖ «ការទទួលយកដោយអាមេរិក និងអង្គភាពជ្វីហ្វនូវបទឈប់បាញ់ជាមួយអ៊ីរ៉ង់ បញ្ជាក់ថា កម្លាំងយោធាជាភាសាតែមួយគត់ ដែលពួកគេយល់»។

មន្ត្រីហ៊ួទីបានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធារបស់ក្រុមប្រឆាំងនឹងអ៊ីស្រាអែល «នឹងបន្តរហូតដល់ការឈ្លានពានលើតំបន់ហ្កាហ្សាត្រូវបញ្ឈប់ ហើយការឡោមព័ទ្ធ ត្រូវបានដកចេញទាំងស្រុង»។
កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំទៅលើតំបន់ផ្សេងៗគ្នា ក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល។ អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីល និងការវាយប្រហារដោយយានដ្រូនជាច្រើនលើកទៅលើអ៊ីស្រាអែល ដោយបានបង្កឲ្យមានអ្នកស្លាប់និងរងរបួស និងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កងទ័ពអាកាសអាមេរិក បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីគឺ Fordow, Natanz និង Isfahan ។ ជាការសងសឹក អ៊ីរ៉ង់កាលពីថ្ងៃចន្ទបានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាសអាមេរិក Al Udeid ក្នុងប្រទេសកាតា ជាមួយនឹងមីស៊ីលជាច្រើនគ្រាប់។
