នៅថ្ងៃពុធ (ទី២៥ ខែមិថុនា) នេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មនុស្ស ៤នាក់ បានបាត់បង់ជីវិត និង ៥នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅលើនាវាដឹកប្រេងដូងឆៅដែលបានចតនៅឯកន្លែងផលិតនាវាលើកោះ Batam ក្នុងខេត្ត Riau Islands ប្រទេសឥណ្ឌូនេស៊ី។
ជនរងគ្រោះ គឺជាអ្នកបច្ចេកទេសធ្វើការនៅលើនាវា Federal II ដែលកំពុងធ្វើការជួសជុលនៅឯកន្លែងផលិតនាវា PT ASL Shipyard Indonesia ក្នុងតំបន់ Batuaji។ បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ២ និង១៥នាទីរសៀល ម៉ោងក្នុងស្រុក នៅថ្ងៃអង្គារ ខណៈពេលដែលនាវាដឹកប្រេងបានចូលចត ដើម្បីទទួលការថែទាំជួសជុល។

ស្នងការនគរបាលតំបន់ Batuaji លោក Raden Bimo Dwi Lambang បានបញ្ជាក់ថា មនុស្ស ៩នាក់ បានរងគ្រោះ ក្នុងហេតុការណ៍នេះ។ លោកបានថ្លែងថា៖ «ជនរងគ្រោះ ៤នាក់ បានបាត់បង់ជីវិត ហើយ ៤នាក់ នៅមានជីវិត។ ដូច្នេះ ចំនួនជនរងគ្រោះសរុប មាន ៩នាក់។ អ្នករងរបួស កំពុងទទួលការព្យាបាល»។
ជាមួយគ្នានេះ សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះត្រូវបានពន្លត់ហើយ ហើយការស៊ើបអង្កេត កំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុដែលនាំឲ្យមានការឆាបឆេះនេះ៕
