លោក Dmitry Gendelman ទីប្រឹក្សានៅការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលជិត ៥៥០គ្រាប់ ទៅលើប្រទេសអ៊ីស្រាអែល ក្នុងអំឡុងពេលភាពតានតឹងកើនឡើងរយៈពេល១២ថ្ងៃ។
លោកបានបញ្ជាក់ថា លើសពីនេះទៅទៀតនោះ ជនជាតិអ៊ីរ៉ង់ បានបាញ់បង្ហោះយានដ្រូនជាង១.000គ្រឿងទៅកាន់រដ្ឋជ្វីហ្វ។

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ រយៈពេលតិចជាង ២៤ ម៉ោងក្រោយមក អ៊ីរ៉ង់បានធ្វើការសងសឹក។ រយៈពេល ៩ថ្ងៃ ក្រោយមក គឺនៅព្រឹកថ្ងៃទី ២២ ខែ មិថុនា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី ដោយចូលរួមក្នុងជម្លោះនេះ។ នៅល្ងាចថ្ងៃទី ២៣ ខែមិថុនា ទីក្រុងតេអេរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានយោធា Al Udeid ដែលជាមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដែលមានទីតាំង នៅក្នុងប្រទេសកាតា។ បើតាមអាជ្ញាធរអាមេរិក ពុំមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឲ្យកត់សម្គាល់នោះទេ។
នៅថ្ងៃទី២៤ ខែមិថុនា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានព្រមព្រៀងលើបទឈប់បាញ់ទាំងស្រុង។ អាជ្ញាធរអ៊ីស្រាអែល បានបញ្ជាក់ថា ពួកគេបានទទួលយកសំណើរបស់អាមេរិក ហើយបានប្រកាសថា ពួកគេបានបញ្ចប់នូវគោលបំណងទាំងអស់ ក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់។ ផ្ទុយទៅវិញ ទីក្រុងតេអេរ៉ង់ បាននិយាយថា ខ្លួនបានទទួលជ័យជម្នះលើទីក្រុងតែលអាវីវ ( Tel Aviv) ដោយបង្ខំឲ្យទីក្រុងនេះ បញ្ឈប់ការឈ្លានពានរបស់ខ្លួន ជាឯកតោភាគី។
