ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គ្រោងនឹងរៀបចំសិក្ខាសាលាមួយស្ដីពីអភិបាលកិច្ចល្អ ដើម្បីជំរុញភាពច្បាស់លាស់របស់គណៈកម្មការជំនាញនីមួយៗ ក្នុងដំណើរឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកដំបូងក្នុងប្រវត្តិសាស្ដ្ររយៈពេល ៦៤ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC។

ឯកឧត្តមបានលើកឡើងបែបនេះក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍ ស្ដីពីការពិនិត្យរៀបចំរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២២ ព្រមទាំងត្រៀមរៀបចំសិក្ខាសាលាស្តីពីអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC កាលពីថ្ងៃទី២៨ ខែធ្នូម្សិលមិញ។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា បច្ចុប្បន្នគណៈអចិន្ដ្រៃយ៍ CAMSOC កំពុងស្នើសុំគោលការណ៍ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដមន្ត្រី រដ្ឋមន្ត្រក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីរៀបចំសិក្ខាសាលាធ្វើឲ្យកាន់តែមានភាពច្បាស់លាស់ ប្រកបដោយតម្លាភាព គណនេយ្យភាព និងភាពស្មោះត្រង់ក្នុងការងារប្រកបដោយទទួលខុសត្រូវខ្ពស់ ដ្បិតឆ្នាំ២០២២ គឺជាឆ្នាំដ៏សំខាន់ នៃការចាប់ផ្ដើមអនុវត្តការងារឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងថា កិច្ចការទាំងអស់នេះគឺគោរពតាមគោលការណ៍ណែនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានដាក់ចេញនូវប្រតិទិនការងារសំខាន់ៗមួយចំនួន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ «វិមានកីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិមរតកតេជោកាលពីថ្មីៗ ដែលជាត្រីវិស័យតម្រង់ទិសឆ្ពោះទៅរកប្រសិទ្ធភាពការងារកាន់តែខ្ពស់ថែមទៀត បន្ថែមលើការងារអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីដើម្បីប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ៕
អត្ថបទ៖ លី ឈុនឡា