រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់សារព័ត៌មាន Politico ថា សហរដ្ឋអាមេរិកនឹងមិនទាន់ដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីទេ ហើយនៅតែចង់បានឱកាសចរចាកិច្ចព្រមព្រៀងសន្តិភាព។
អំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Politico នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) លោក Rubio បានប្រាប់ថា៖ «ប្រសិនបើយើងធ្វើនូវអ្វីដែលមនុស្សគ្រប់គ្នានៅទីនេះចង់ឲ្យយើងធ្វើ ពោលគឺត្រូវចាត់វិធានការ និងដាក់ទណ្ឌកម្មបន្ថែមទៀតដល់ពួកគេ យើងប្រហែលជាបាត់បង់សមត្ថភាព ក្នុងការចរចាជាមួយពួកគេ អំពីបទឈប់បាញ់ ហើយបន្ទាប់មក តើអ្នកណាជាអ្នកពិភាក្សាជាមួយពួកគេ?»។

តាមរយៈសារព័ត៌មាន Politico លោក Rubio បានបន្ថែមថា លោកប្រធានាធិបតី Donald Trump នឹង «ដឹងច្បាស់ពីពេលវេលា និងទីកន្លែងសមរម្យ» ដើម្បីដាក់ចេញនូវវិធានការសេដ្ឋកិច្ចថ្មី ប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយថា រដ្ឋបាលកំពុងធ្វើការជាមួយសភា ដើម្បីធ្វើឲ្យប្រាកដថា ពួកគេអនុញ្ញាតឲ្យលោក Trump មានភាពបត់បែនសមស្រប។
លោក Rubio បានសង្កត់ធ្ងន់ថា៖ «ប្រសិនបើមានឱកាសមួយ ដើម្បីឲ្យពួកយើងផ្លាស់ប្តូរ និងធ្វើឲ្យពួកគេ (រុស្ស៊ី) ចូលទៅកាន់តុចរចានោះ យើងនឹងចាប់យកឱកាសនោះ»៕
