នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋកេនយ៉ានាំគ្នាដង្ហែរក្បួននៅតាមដងផ្លូវក្រោមការឃ្លាំមើលយ៉ាងម៉ឺងម៉ាត់ពីកងកម្លាំងសន្តិសុខយ៉ាងច្រើន ដើម្បីប្រារព្ធខួប ១ឆ្នាំ នៃបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលនាំឲ្យមានការវាយប្រហារសភា និងមនុស្សស្លាប់ជាច្រើននាក់ ពេលដែលនគរបាលបាញ់ប្រហារក្រុមបាតុករ ។
ទោះបីជាការតវ៉ានៅទីបំផុត បានស្ងប់ស្ងាត់ទៅវិញក្តី បន្ទាប់ពីលោកប្រធានាធិបតី William Ruto បានដកសំណើដំឡើងពន្ធដែលបានជំរុញឲ្យមានការប្រមូលផ្តុំគ្នាលើកដំបូង ក៏កំហឹងសាធារណៈ ចំពោះការប្រើប្រាស់កម្លាំងដោយកងកម្លាំងសន្តិសុខ មិនទាន់បានធូរស្រាលនៅឡើយដែរ ដោយមានបាតុកម្មថ្មីៗផ្ទុះឡើងនៅក្នុងខែនេះ ពាក់ព័ន្ធនឹងការស្លាប់របស់លោក Albert Ojwangដែលអ្នកបង្កើតគេហទំព័រ អំឡុងពេលស្ថិតក្នុងឃុំរបស់នគរបាល ។

មនុស្ស ៦នាក់ ក្នុងនោះរួមមានទាំងមន្ត្រីនគរបាល ៣នាក់ផងដែរ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកាលពីថ្ងៃអង្គារ ជុំវិញការសម្លាប់របស់អ្នកបង្កើតគេហទំព័រ និងជាគ្រូបង្រៀនអាយុ ៣១ឆ្នាំ ម្នាក់នេះ ។
នគរបាលដែលបំពាក់ដោយឧបករណ៍ប្រឆាំងកុបកម្ម បានរឹតត្បិតការធ្វើចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ ឆ្ពោះទៅកាន់សង្កាត់ធុរកិច្ចនៅកណ្តាលទីក្រុង Nairobi ។ បន្ទះដែកគោលត្រូវបានប្រើប្រាស់ផងដែរនៅតាមដងផ្លូវមួយចំនួន ។
ក្រុមបាតុករនៅតែកាន់ទុក្ខមនុស្សជាង ៦០នាក់ ដែលត្រូវបានសម្លាប់អំឡុងបាតុកម្មកាលពីឆ្នាំមុន ហើយនិងដាក់ការស្តីបន្ទោសលើកងកម្លាំងសន្តិសុខសម្រាប់ការស្លាប់នេះ និងការចាប់ពង្រាត់មនុស្សរាប់សិបនាក់ផ្សេងទៀត ។
ក្រុមបាតុករនៅក្នុងរដ្ឋធានី Nairobi បានអំពាវនាវឲ្យមានយុត្តិធម៌ ហើយពួកគេនិយាយថា ការដង្ហែរក្បួនរបស់ពួកគេ គឺជាបដិវត្តន៍មួយសម្រាប់ប្រជាពលរដ្ឋកេនយ៉ា ៕
