ប្រមុខស្ថាប័នឃ្លាំមើលអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) លោក Rafael Grossi បាននិយាយនៅថ្ងៃពុធ (ទី២៥ ខែមិថុនា) នេះថា អាទិភាពចម្បងរបស់លោក គឺការធ្វើឲ្យមន្ត្រីអធិការកិច្ចរបស់លោកបានវិលត្រលប់ទៅកាន់ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់វិញ ដើម្បីវាយតម្លៃពីផលប៉ះពាល់ ដោយសារការវាយប្រហារពីសំណាក់យោធាអាមេរិក និងអ៊ីស្រាអែល និងផ្ទៀងផ្ទាត់កម្រិតស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់បាន។
នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខអូទ្រីស ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Grossi បានប្រាប់សន្និសីទសារព័ត៌មានថា៖ «នេះគឺជាអាទិភាពទី១»។ រូបលោកកំពុងព្យាយាមឲ្យមានការវិលត្រលប់ទៅវិញរបស់មន្ត្រីអធិការកិច្ចរបស់លោកទៅកាន់ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងនោះមានរួមទាំងរោងចក្រចំនួន ៣ ជាកន្លែងដែលទីក្រុងតេអេរ៉ង់កំពុងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម រហូតដល់អ៊ីស្រាអែល បានចាប់ផ្តើមបើកការវាយប្រហារ កាលពីថ្ងៃទី១៣ ខែមិថុនា។

នៅពេលត្រូវបានសួរថា តើអ៊ីរ៉ង់បានជូនដំណឹងដល់លោកដែរ ឬទេ អំពីស្ថានភាពស្តុកទុកនូវសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់បាន ជាពិសេសសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់បានរហូតដល់ ៦០ភាគរយ ពោលគឺជាកម្រិតជិតដល់ដំណាក់កាលផលិតអាវុធនោះ លោក Grossi បានលើកឡើងពីលិខិតដែលលោកបានទទួលពីប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ដោយលោកបានប្រាប់ថា អ៊ីរ៉ង់នឹងចាត់វិធានការពិសេស ដើម្បីការពារសម្ភារៈ និងឧបករណ៍នុយក្លេអ៊ែររបស់ខ្លួន។
អមដោយការបង្ហាញថា សម្ភារៈជាច្រើនបានរួចផុតពីការវាយប្រហារនោះ លោក Grossi បានបញ្ជាក់ថា៖ «ពួកគេមិនបានផ្ដល់ព័ត៌មានលម្អិត អំពីអ្វីដែលពួកគេសំដៅដល់នោះទេ ប៉ុន្តែច្បាស់ណាស់ថា នោះជាអត្ថន័យជាក់ស្តែង ដែលយើងអាចប៉ាន់ស្មានបានថា សម្ភារៈទាំងនេះ មិនរងការខូចខាតនោះឡើយ»៕
