នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា នេះ គឺជា «ថ្ងៃដ៏លំបាកមួយ» នាថ្ងៃពុធនេះ បន្ទាប់ពីទាហាន ៧នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា ជាកន្លែងដែលសង្រ្គាមរបស់ប្រទេសប្រឆាំងនឹងក្រុមហាម៉ាស ស្ថិតនៅក្នុងខែទី ២១ របស់ខ្លួននោះ។
លោក ណេតាន់យ៉ាហ៊ូ បានសរសេរនៅលើបណ្តាញសង្គម X ថា៖«នេះ គឺជាថ្ងៃដ៏លំបាកមួយសម្រាប់ប្រជាជនអ៊ីស្រាអែល»។ «អ្នកប្រយុទ្ធដ៏អង់អាចរបស់យើង បានស្លាប់ក្នុងសមរភូមិ ដើម្បីកម្ចាត់ក្រុមហាម៉ាស និងរំដោះចំណាប់ថ្នូររបស់យើង នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។

មន្ត្រីអ៊ីស្រាអែលម្នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ស្របតាមបទប្បញ្ញត្តិយោធា បានអះអាងថា ឈ្មោះរបស់ទាហានទាំង ៦នាក់ ត្រូវបានបញ្ជាក់យ៉ាងច្បាស់សម្រាប់ការបោះពុម្ពផ្សាយ ខណៈដែលម្នាក់ ត្រូវបានរក្សាការសម្ងាត់។
នេះ គឺជាឧប្បត្តិហេតុដ៏សាហាវមួយសម្រាប់យោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ ទាហានអ៊ីស្រាអែលជាង ៨៦០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងនោះ ជាង ៤០០នាក់ ក្នុងអំឡុងពេលប្រយុទ្ធគ្នា នៅក្នុងតំបន់ហ្កាហ្សា។
