មន្ត្រីជាន់ខ្ពស់មា្នក់របស់ក្រុមហាម៉ាស នៅថ្ងៃពុធ (ទី២៥ ខែមិថុនា) នេះ បានប្រាប់សារព័ត៌មាន AFP ថា កិច្ចចរចា ដើម្បីឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមប៉ាឡេស្ទីន «បានចាប់ផ្ដើមមានសភាពសកម្មខ្លាំង ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ» ជាមួយប្រទេសអ្នកសម្របសម្រួល។

លោក Taher al-Nunu បាននិយាយថា៖ «ការប្រាស្រ័យទាក់ទងរបស់យើងជាមួយបងប្អូនអ្នកសម្របសម្រួល នៅក្នុងប្រទេសអេហ្ស៊ីប និងកាតា មិនបានបញ្ឈប់ទេ ហើយបានចាប់ផ្ដើមមានសភាពសកម្មខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ»។ ជាមួយគ្នានេះ លោកបានបន្ថែមថា ក្រុមសកម្មប្រយុទ្ធមួយនេះ «មិនទាន់ទទួលបានសំណើថ្មីណាមួយ» ដើម្បីបញ្ចប់សង្រ្គាម ដែលពេកលនេះចូលដល់ខែទី២១ ហើយ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃនេះដែរ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា លោកជឿជាក់ថា «វឌ្ឍនភាពដ៏អស្ចារ្យ» កំពុងត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់ជម្លោះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។
ដោយនិយាយសំដៅដល់ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ថា អាចមានឥទ្ធិពលវិជ្ជមានលើតំបន់មជ្ឈិមបូព៌ានោះ លោក Trump បានប្រាប់ថា៖ «ខ្ញុំគិតថា វឌ្ឍនភាពដ៏អស្ចារ្យ កំពុងត្រូវបានបង្កើតឡើង នៅតំបន់ហ្កាហ្សា។ ខ្ញុំគិតថា ដោយសារតែការវាយប្រហាររបស់យើង»៕


