នគរបាល បាននិយាយថា ការផ្ទុះគ្រាប់មីនមួយគ្រាប់ បានសម្លាប់មនុស្ស ៤នាក់ និងរបួសជាច្រើននាក់ទៀត នៅក្នុងស្រុក Kurram ភាគពាយ័ព្យប៉ាគីស្ថាន កាលពីថ្ងៃពុធ។
ការបំផ្ទុះនេះ បានកើតឡើង នៅពេលដែលជនរងគ្រោះម្នាក់ បានជាន់គ្រាប់មីននោះ នៅក្នុងតំបន់ព្រៃមួយក្នុងទីក្រុង Kurram ជាកន្លែងដែលការប៉ះទង្គិចគ្នារវាងនិកាយស៊ីអ៊ីត និងនិកាយស៊ុននី បានបណ្តាលឲ្យមនុស្ស ១៣០នាក់ ស្លាប់ កាលពីឆ្នាំមុន។

លោក Habibullah Khan មន្ត្រីនគរបាលស្រុក បាននិយាយថា អ្នកស្លាប់ និងអ្នករបួសជាច្រើននាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅក្នុងស្រុក Kurram ក្នុងខេត្ត Khyber Pakhtunkhwa ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន។ លោកមិនបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ បានរងរបួសទេ។
ពុំមានក្រុមណាមួយចេញមុខ អះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះភ្លាមៗនោះទេ ហើយលោក Khan បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតឧប្បត្តិហេតុ នៅក្នុងស្រុក Kurram ដែលមានប្រវត្តិនៃជម្លោះនិកាយជាមួយក្រុមសកម្មប្រយុទ្ធស៊ុននី ដែលពីមុនបានកំណត់គោលដៅលើជនជាតិភាគតិចស៊ីអ៊ីត។
