ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា មន្ត្រីអនុវត្តច្បាប់របស់អ៊ីរ៉ង់ បានឃាត់ខ្លួនបុគ្គលជាង ៧០០នាក់ ដែលសង្ស័យថា បានសហការជាមួយសេវាកម្មសន្តិសុខអ៊ីស្រាអែល ចាប់តាំងពីភាពតានតឹងបានកើនឡើង កាលពីថ្ងៃទី ១៣ ខែមិថុនា។
យោងតាមព័ត៌មានរបស់ខ្លួន ការឃុំខ្លួនភាគច្រើន បានធ្វើឡើង នៅក្នុងខេត្ត Kermanshah, Isfahan, Khuzestan, Fars និង Lorestan ។

ទីភ្នាក់ងារព័ត៌មាន ក៏បាននិយាយផងដែរថា អ្នកជាប់ឃុំទាំងនោះ ត្រូវបានចោទប្រកាន់ពីបទបាញ់បង្ហោះ យានដ្រូនខ្នាតតូច ដើម្បីផលប្រយោជន៍របស់អ៊ីស្រាអែល បង្កើតគ្រាប់បែកផលិតនៅតាមផ្ទះ និងថតទីតាំងយោធា ដោយមានចេតនាបញ្ជូនព័ត៌មានបន្ថែមទៀត ទៅកាន់សេវាកម្មពិសេសរបស់អ៊ីស្រាអែល។ សារព័ត៌មាន Fars បានចង្អុលបង្ហាញថា ចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនាមក មន្ត្រីអនុវត្តច្បាប់នៅទីក្រុងតេអេរ៉ងតែមួយគត់ បានរឹបអូសយានដ្រូនខ្នាតតូចជាង ១០.000គ្រឿង។
នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ រយៈពេលតិចជាង២៤ម៉ោងក្រោយមក អ៊ីរ៉ង់បានវាយប្រហារសងសឹក។ រយៈពេល ៩ថ្ងៃក្រោយមក គឺនៅព្រឹកថ្ងៃទី ២២ ខែមិថុនា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី ដោយចូលរួមក្នុង ជម្លោះនេះ។ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ទីក្រុងតេអេរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានយោធា Al Udeid ដែលជាមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នេះ ដែលមានទីតាំងនៅប្រទេសកាតា។ បើតាមអាជ្ញាធរអាមេរិក មិនមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឲ្យកត់សម្គាល់ទេ។
