តារាកំប្លែងអូស្ត្រាលីដែលក្លាយខ្លួនធ្វើជាមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានតវ៉ាបែបកំប្លែងនៅក្រៅទីតាំងរៀបចំកិច្ចប្រជុំកំពូលអង្គការណាតូនៅទីក្រុងឡាអេ នាថ្ងៃពុធនេះ ។
ដោយកាន់បាឡុងរាងជាមីស៊ីល អ្នកក្លែងខ្លួនដែលគេស្គាល់ថាជាលោក Howard X បានចាត់ទុកទង្វើរបស់លោកថាជាការតវ៉ាបែបកំប្លែង ។
លោក Howard X និយាយថា ខ្ញុំមកជួបមិត្តលោកប្រធានាធិបតី Donald Trump ។ ដូចអ្នកដឹងហើយថា ឥឡូវលោក Donald Trump ឈរខាងភាគីផ្តាច់ការនិយម ។ ដូច្នេះហើយ ខ្ញុំមកទីនេះ ដើម្បីលើកទឹកចិត្តលោកឲ្យបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប ។

លោកបន្តថា គ្មានអ្វីនោះទេ ពីព្រោះថាខ្ញុំ និងគាត់ ពួកយើងគឺជាមិត្តល្អបំផុត ហើយគាត់នឹងមិនធ្វើ អ្វីខ្ញុំនោះទេ ។ គាត់មិនខ្លាចនោះឡើយ ពីព្រោះថា ដូចអ្នកដឹងហើយថា មីស៊ីលរបស់ខ្ញុំបាញ់ទៅដល់ទឹកដីសហរដ្ឋអាមេរិក ។ ខ្ញុំអាចវាយប្រហារកោះហាវ៉ៃត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ខ្ញុំអាចវាយប្រហារកោះគាំ ហើយខ្ញុំអាចវាយប្រហារទីក្រុងឡូសអាន់ជឺឡេស ហើយសូម្បីតែរមណីយដ្ឋាន Mar-a-Lago នៅរដ្ឋផ្ល័ររីដា ។ ដូច្នេះហើយលោក Trump មិនត្រឹមតែគាត់ជាមិត្តរបស់ខ្ញុំប៉ុណ្ណោះទេ តែគាត់ដឹងថា ខ្ញុំគឺជាបុរសម្នាក់ដែលត្រូវខ្លាច ៕
